ករណីស្ត្រីម្នាក់ត្រូវបានប៉ូលិសចរាចរណ៍វៃបែកក្បាលហូរឈាម កំពុងទទួលបានការចាប់អារម្មណ៍ពេញបណ្តាញសង្គមហ្វេសប៊ុក។តាមព័ត៌មានដែលចែកចាយព្រោងព្រាត បានឲ្យដឹងថា ស្រ្តីរូបនេះ បានជិះម៉ូតូជាមួយប្អូនប្រុស ហើយដល់កន្លែងត្រួតពិនិត្យជាតិស្រវឹង មិនព្រមឈប់ ទើបត្រូវប៉ូលិសចរាចរណ៍វៃមួយអាយកូមបណ្តាលឲ្យដួលម៉ូតូនៅនឹងកន្លែង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ ៧យប់ ថ្ងៃទី៨ ខែកញ្ញានេះ ត្រង់គោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច ស្ថិតនៅតាមបណ្ដោយផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ឆ្លើយតបនឹងហេតុការណ៍នេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញនូវសេចក្តីបកស្រាយបំភ្លឺ ទាក់ទងទៅនឹងករណីនេះ ដោយបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេច ៣ចំណុច ៖
១.មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាល ឱ្យបែកក្បាលត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បន្ទាប់ពីពេលកើតហេតុរួច។
២.បើស្រាវជ្រាវហើយឃើញថាមានកំហុស មន្ត្រីបង្កនឹងត្រូវអនុវត្តបន្តតាមនីតិវិធីច្បាប់ ក៏ដូចជាការអនុវត្តវិន័យកងកម្លាំង ផងដែរ។
៣.ចំពោះអ្នកបើកបរល្មើសច្បាប់ បើកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់