ភ្នំពេញៈ ខុសពីតារាសិល្បៈភាគច្រើនដែលត្រូវការផលប្រយោជន៍សម្រាប់ការចេញមុខប្រូម៉ូតហ្សិនអ្វីមួយ អ្នកនាងចន ច័ន្ទលក្ខិណា បែរជាអះអាងថាពេញចិត្តជំរុញលើមុខជំនួញក្រមារបស់កញ្ញាមាន សូនីតា ដោយគ្មានលក្ខណ្ឌ។ នោះគឺដោយសារតែអ្នកនាងយល់ថាអ្វីដែលខ្លួនជួយដល់តារាស្រីរូបនេះ គឺមិនខុសពីជួយលើកតម្លៃអត្តសញ្ញាណជាតិ និងជួយដល់សិប្បករខ្មែរលើវិស័យត្បាញក្រមា។
អ្នកនាងចន ច័ន្ទលក្ខិណា បានអះអាងថាអ្នកនាងបានដឹងថា អាជីវកម្មកែច្នៃក្រមារបស់មាន សូនីតា ឲ្យក្លាយជាសំលៀកបំពាក់ និងជាគ្រឿងលម្អ ជាមុខជំនួញប្រចាំគ្រួសាររបស់នាង ប៉ុន្តែយ៉ាងណាមិញ អ្នកនាងនៅតែពេញចិត្តដើរតួជាអ្នកផ្សព្វផ្សាយនូវស្នាដៃក្រមារបស់មាន សូនីតា ដើម្បីជួយឲ្យអាជីវកម្មរបស់មាន សូនីតា ជោគជ័យ។ អ្នកនាងថាមាន សូនីតា ធ្វើជំនួញពាក់ព័ន្ធនឹងក្រមា អ៊ីចឹងប្រសិនបើអ្នកនាងជួយជំរុញលើមុខជំនួញនោះ គឺមិនខុសពីជួយសិប្បករដែលត្បាញក្រមានៅក្នុងប្រទេសកម្ពុជាឲ្យមានទីផ្សារនោះឡើយ។
អ្នកនាងថា ក្រមាខ្មែរក្រោយពេលកែច្នៃជាសំលៀកបំពាក់ និងជាវត្ថុលម្អ គឺទទួលបានភាពទាក់ទាញមិនខុសពីហូល ផាមួងខ្មែរនោះទេ ហើយអ្នកដែលច្នៃក្រមាធ្វើជាសំលៀកបំពាក់បែបនេះអ្នកនាងថា ក៏មានកាន់តែច្រើនផងដែរ តែអ្នកនាងនៅតែពេញចិត្តជួយធ្វើជាអ្នកផ្សព្វផ្សាយឲ្យកញ្ញា មាន សូនីតា។ អ្នកនាងពន្យល់ថា ហេតុផលដែលអ្នកនាងសម្រេចចិត្តស្លៀកសំលៀកបំពាក់ក្រមារបស់មាន សូនីតា ស្ទើររាល់កម្មវិធីធំៗ គឺដោយសារតែនាងគឺជាតារាម្នាក់ដែលបង្កើតគំនិតច្នៃក្រមាជាអាវ ជាខោ ជារ៉ូប និងជាឈុតមុនគេ ហើយមិនឡូកឡាក់នឹងការកែច្នៃដូចហាងផ្សេងៗ។ អ្នកនាងបញ្ជាក់ថាខ្លួននឹងបន្តទទួលស្លៀកឈុតក្រមាពីកញ្ញាមាន សូនីតា ក្នុងពេលបន្តបន្ទាប់ ប៉ុន្តែសម្រាប់តែកម្មវិធីធំៗ ដូចជាការបើសម្ពោធរឿង«ចន្ទ្រា»នៅក្នុងប្រទេសថៃមុននោះប៉ុណ្ណោះ ដើម្បីឲ្យស្នាដៃក្រមាទាំងនោះទទួលបានភាពលេចធ្លោ។
អ្នកនាងចន ច័ន្ទលក្ខិណា បន្តថា អាជីវកម្មរបស់មាន សូនីតា គឺជារឿងឯកជនមែន ប៉ុន្តែបើជួយឲ្យតម្រូវការកុម្ម៉ង់សំលៀកបំពាក់ក្រមាពីមាន សូនីតា បានច្រើន នោះក៏ជួយផ្សព្វផ្សាយក្រមាខ្មែរ និងជួយឲ្យអ្នកកែច្នៃ ក៏ដូចជាអ្នកប្រកបអាជីពត្បាញតែម្ដង ទទួលបានការងារដោយមិនភ័យរឿងចំណាកស្រុកនោះដែរ ទើបអ្នកនាងសម្រេចចិត្តជួយឃោសនាឲ្យ ដោយមិនខ្វល់ថាបានប្រយោជន៍ណាមួយក្រោយពេលហាងរបស់ មាន សូនីតា រីកចំរើនជាងនេះ៕
https://youtu.be/8hHI9YN_zUo
មតិយោបល់