ទោះបីសព្វថ្ងៃនេះ អ្នកស្រី សូ សាវឿន មានវ័យជាង ៧០ ឆ្នាំក្តី ប៉ុន្តែមើលទៅអ្នកស្រី នៅតែមានភាពរឹងប៉ឹងល្អមាំទាំ មិនសក្តិសមទៅនឹងវ័យឡើយ ស្របពេលនឹងទឹកដមសំឡេងអ្នកស្រីក៏នៅតែពីរោះមិនប្រែប្រួល ដែលអ្នកស្រីកំពុងតែរស់នៅលើទឹកដីប្រទេសបារាំង។
ដោយឡែកថ្មីៗនេះ តាមរយៈវីដេអូខ្លីមួយ ដែលកំពុងតែមានការចាប់អារម្មណ៍ចែករំលែកពីមហាជនពេញបណ្ដាញសង្គមទាំង TikTok និង ហ្វេសប៊ុក ដែលបានឃើញ អតីតតារាស្រីជើងចាស់រូបនេះ បានលើកឡើងក្នុងកម្មវិធីសម្ភាសន៍មួយ ដោយបង្ហាញពីអារម្មណ៍ភ្ញាក់ផ្អើល ក្ដុកក្ដួលក្នុងចិត្ត និងបានដាក់ចំៗទៅកាន់តារាចម្រៀងប្រុស ដួង វីរៈសិទ្ធ បន្ទាប់ពីអ្នកស្រី បានឃើញ តារាចម្រៀងប្រុសរូបនេះ បានយកបទចម្រៀងរបស់អ្នកស្រី គឺបទ «ស្ទឹងសែនប៉ារីស» ទៅច្រៀងឡើងវិញដាក់ជាបទថ្មីរបស់ខ្លួន ដោយមិនបានដាក់លំនាំម្ចាស់ដើម។
ក្នុងនោះ អតីតតារាស្រីជើងចាស់រូបនេះ បានរៀបរាប់ថា៖ «មីងមានចាប់អារម្មណ៍ដែរ ដាក់ថាគឺជាបទថ្មីរបស់ ដួង វីរៈសិទ្ធ «ស្ទឹងសែនប៉ារីស» ប៉ុន្តែខ្ញុំដូចជាមានការភ្ញាក់ផ្អើល ហើយខ្ញុំមានការក្ដុកក្ដួលក្នុងចិត្ត ថាហេតុអ្វី ជាបទរបស់ខ្ញុំជំនាន់ទស្សវត្សរ៍ ៨០ ហើយខ្ញុំបានមកច្រៀងនៅស្ដាតអូឡាំពិកឆ្នាំ ១៩៨៧ អ្នកណាក៏ដឹងថាជាចម្រៀងរបស់ សូ សាវឿន ដល់ក្មួយប្រុសចង់ច្រៀង បើក្មួយច្រៀងទៅសម្រាប់ការកម្សាន្ត ដែលក្មួយស្រឡាញ់បទហ្នឹងដូចគេដូចឯងទៅ ក្មួយកុំដាក់ថាបទជារបស់ក្មួយ ដាក់ជាលំនាំដើមរបស់មីង ព្រោះក្មួយស្រឡាញ់ សុំច្រៀងដូចមីង អត់ថាទេ តែនេះ ខ្ញុំឃើញ ខ្ញុំចេះមើលអក្សរខ្មែរតើក្មួយអើយ ហើយខ្ញុំឃើញដាក់ជាបទថ្មីរបស់ ដួង វីរៈសិទ្ធ»។
វីដេអូខ្លីមួយនេះដែរ កំពុងតែធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ខ្លាំង ជាពិសេសអ្នកគាំទ្ររបស់ អតីតតារាស្រីជើងចាស់រូបនេះ និង លោក ដួង វីរៈសិទ្ធ ដោយឃើញបានធ្វើការស៊ែរវីដេអូនេះបន្តគ្នា ព្រមទាំងចូលទៅបញ្ចេញមតិវែកញែកទាក់ទិននឹងរឿងរ៉ាវនេះរៀងៗខ្លួនផងដែរ៕
មតិយោបល់