ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យប្រើប្រាស់សារធាតុញៀន លើសកម្រិតយកកូនកាំបិតចាក់ខ្លួនឯង នៅលើរថភ្លើងរងរបួស

ភ្នំពេញ: មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង ៨និង១០នាទីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផែស្ងួតរ៉ូយ៉ាល់ភ្នំពេញ លើរថភ្លើងខ្សែ ភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ខណ:ដែលបុរសពុំស្គាល់ឈ្មោះម្នាក់ បានលួចឡើងជិះរថភ្លើងដឹកទូកុងតឺន័រ១ខ្សែ រួចយកកាំបិតចាក់ខ្លួនឯង បណ្ដាលឲ្យរងរបួសហូរឈាមពេញខ្លួន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសនេះមានអាយុប្រហែលជាង ៣០ឆ្នាំ ប្រដាប់ដោយកូនកាំបិតចិតបន្លែ១ ហើយសង្ស័យថា ប្រើប្រាស់សារធាតុញៀនលើសកម្រិត ទើបបានជាធ្វើសកម្មភាពចាក់ខ្លួនឯង បណ្ដាលឲ្យរងរបួសបែបនេះ។ នៅមុនពេលកើតហេតុបុរសនេះបានលួចឡើងជិះរថភ្លើងដឹកទូកុងតឺន័រចេញពីខេត្តព្រះសីហនុ ប៉ុន្តែពុំមាននរណាបានដឹងថា បុរសនេះឡើងជិះតាំងពីពេលណាឡើយ។

ប្រភពដដែលបានបន្តថា នៅពេលរថភ្លើងទៅដល់ផែស្ងួតរ៉ូយ៉ាល់ភ្នំពេញ ស្ថិតនៅក្នុងភូមិកើតហេតុខាងលើ ទើបប្រទះឃើញបុរសនេះ ស្ថិតនៅលើទូកុងតឺន័រលើរថភ្លើងទៅហើយ ពេលនោះបុគ្គលិកផែស្ងួត និងក្រុមបុគ្គលិករថភ្លើងបានស្រែកឲ្យចុះបុរសនេះមិនព្រមចុះឡើយ ហើយបានយកកូនកាំបិតចាក់ខ្លួនឯងបណ្ដាលឲ្យរងរបួសហូរឈាមកក្លាក់ ។ព្រមទាំងតោងឡើងលើដងសន្ទូចរថយន្តស្ទូចទូកុងតឺន័រទៀតផង ទើបបុគ្គលិកផែស្ងួតរាយការណ៍ជូននគរបាល។

ប្រភពមួយនេះបានឲ្យដឹងបន្ថែមទៀតថា ខណ:នោះនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងបានចុះទៅ ហើយបុរសនេះបានស្រែកគំរាមថា និងចាក់សម្លាប់ខ្លួនបើនគរបាលហ៊ានចូលទៅជិតខ្លួននោះ និងទាមទារឲ្យរថភ្លើងដឹករូបគេទៅកាន់ខេត្តតាកែវវិញ។ ពេលនោះនគរបាលពុំហ៊ានចូលទៅជិតឡើយ ហើយបានត្រឹមតែធ្វើការលួងលោមពីចម្ងាយតែប៉ុណ្ណោះ៕

មតិយោបល់