ជាអ្នកនិពន្ធ និងជាតន្ត្រីករដ៏ឆ្នើម លោក តូនូ សាគី បានទទួលរងនូវភាពសោកសៅ ដោយប្រពន្ធទទួលមរណៈភាព ពេលផ្តល់កំណើតឲ្យកូន ។
ព័ត៌មានមួយនេះ បានធ្វើឲ្យមជ្ឈដ្ឋានក្នុងពិភពសិល្បៈ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មាន ថារឿងរ៉ាវដែលមិនចង់ជួបនេះ បានកើតឡើងចំពោះ អ្នកនិពន្ធ និងជាតន្ត្រីករដ៏ឆ្នើម នៅសាន់ដេ យ៉ាងដូច្នោះសោះ ។
ប្រភពព័ត៌មានដ៏កក់ក្តៅមួយបានប្រាប់ ដល់ Post News ឲ្យដឹងថា ប្រពន្ធលោក តូនូ សាគី បានទទួលមរណៈភាពពេលឆ្លងទន្លេ ដោយកូនក្នុងផ្ទៃសង្គ្រោះបាន តែម្តាយមិនអាចសង្គ្រោះបាន ។ ប្រាប់បានតែប៉ុណ្ណឹង ប្រភពខាងលើ ដែលសូមមិនបញ្ចេញឈ្មោះ ក៏សូមមិននិយាយអ្វីច្រើនពាក់ព័ន្ធរឿងដ៏ក្តុកក្តួលមួយនេះ ។
ដោយឡែកគណនីហ្វេសប៊ុក ឈ្មោះ Kuoy DM Saki បានសរសេរថា «បងស្រីកា ប្រពន្ធលោកគ្រូToño sakiបានស្លាប់ហើយដោយសារឆ្លង់ទន្លេប៉ុន្តែកូននៅមានជីវិត(ស្លាប់ម្តាយ) សូមឲ្យបងស្រីទៅឲ្យបានសុខ»។
ទន្ទឹមជាមួយនឹងគ្នានេះដែរ អ្នកនិពន្ធបទ «ស៊ូឃ្លាត» បានសរសេរលើហ្វេសប៊ុកលើកទឹកចិត្តមិត្តភក្តិ ថា «កាត់ចិត្តសម្លាញ់បន្តទៅមុខដើម្បីកូន រឹងមាំណាសង្វេគពេលឮគាត់និយាយថាបានអ្នកណាធ្វើម្ហូបឆ្ងាញ់ៗនិងជួយមើលកូនជាមួយនិងឈ្លោះជាមួយគាត់ទៀត អ្នកណាខ្លះយល់អារម្ភនេះ?កម្មវិធីបុណ្យ៧ថ្ងៃប្រារព្ធធ្វើនៅថ្ងៃ៣១ ខែតុលា ឆ្នាំ២០១៦ វេលាមោង៣ រសៀល»។
ដើម្បីទទួលបានព័ត៌មានឲ្យកាន់តែជាក់លាក់នោះ ខាងស្ថាប័ន Post News Media បានខលទៅកាន់លេខ ដែលកវីនិពន្ធខាងលើ ធ្លាប់ប្រើ ប៉ុន្តែបែរជាជួបសិស្សរបស់គាត់ ដោយត្រឹមតែឆ្លើយយ៉ាងខ្លីថា ខ្ញុំអត់ដឹងរឿងអីទេ ខ្ញុំអត់ស្ថិតក្នុងហេតុការណ៍នោះទេ ចឹងចាំខ្ញុំខលមកបញ្ជាក់លើក្រោយទៀត ។
ទោះបីជាយ៉ាងនេះក្តី គេហទំព័រ Post News Media សូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំ ជាមួយលោក Tono saki និងក្រុមគ្រួសារ ដែលជួបប្រទះហេតុការណ៍ដ៏ក្តុកក្តួលនេះ សូមឲ្យប្រពន្ធរបស់លោក ទៅកាន់សុគតិភព៕
មតិយោបល់