ជាកំពូលតួឯកស្រី និងជាផលិតករដ៏ប៉ិនប្រសប់ ដែលរូបសម្រស់នៅតែស្រស់ស្អាតបើទោះជាឈានដល់វ័យ ៤៤ ឆ្នាំហើយក៏ដោយ សម្រាប់អ្នកនាង Ann Thongprasom ។
មានពេលមួយនោះ អ្នកនាងធ្លាប់បង្ហើបប្រាប់ពីបទពិសោធន៍ស្នេហាដំបូងក្នុងជីវិតដ៏ឈឺចាប់តាមរយៈកម្មវិធី Song About ក្នុងនាមជាភ្ញៀវកិត្តិយស រហូតធ្វើឱ្យអ្នកគាំទ្រដែលបានស្តាប់ហើយ ពិតជាស្រឡាំងកាំងយ៉ាងខ្លាំង មិននឹកស្មាននារីដ៏ស្រស់ស្អាត និងមានទេពកោសល្យដូចអ្នកនាង បែរជាទទួលបានបទពិសោធន៍ស្នេហាបែបនេះទៅវិញ ។
ដោយក្នុងនោះ អ្នកនាងបានជ្រើសរើសចម្រៀងដែលមានចំណងជើងថា “មនុស្សក្លែងក្លាយ” ដើម្បីបើកក្បាលកម្មវិធី ហើយប្រាប់ពីរឿងអតីតកាល និងហេតុផលនៃចម្រៀងមួយបទនេះ ។
អ្នកនាងបានលើកឡើងដូច្នេះថា ដោយមានរឿងកើតឡើងកាលពីនាងទើបតែពេញវ័យ មានស្នេហាចូលមកក្នុងជីវិត ហើយសង្សារូបនោះមានទំនោរចូលចិត្តបង្គាប់នាងឲ្យស្លៀកពាក់ ឲ្យដូចអតីតមិត្តស្រីរបស់គេ ពេលខ្លះបុរសនោះក៏ទិញសំលៀកបំពាក់ គ្រឿងអលង្ការដែលអតីតមិត្តស្រីគាត់ចង់ពាក់ ឲ្យអ្នកនាងពាក់ ។ ពេលនោះអ្នកនាងមិនបានគិតអ្វីច្រើនទេ ដោយសារតែចិត្តស្រឡាញ់ ម្យ៉ាងខ្លួនក៏នៅក្មេងវ័យមិនទាន់ចេះគិតបានដិតដល់ ។
ទន្ទឹមនឹងនោះ អ្នកនាងត្រូវគេធ្វើទុក្ខបុកម្នេញ បង្វិលក្បាល ហើយគេតែងតែប្រើពាក្យចាក់ដោតថា អ្នកមិនល្អ មិនស្អាត ក្រ គ្មានរសនិយម ទាំងដែលពេលនោះអ្នកនាង ក្លាយជាតារាស្រីវ័យជំទង់ដ៏ល្បីល្បាញម្នាក់រួចទៅហើយ។
ស្នេហានៅគ្រានោះ អ្នកនាងមានអារម្មណ៍ថា គេមកទើសខ្លួនរហូត ធ្វើឲ្យអ្នកនាងមានអារម្មណ៍ខ្លួនមិនមែនជាខ្លួនឯង ។ តែដោយសារស្រឡាញ់គេខ្លាំងបែកគេមិនបាន ពេលមានអារម្មណ៍ឯកោអ្នកនាងតែងតែស្តាប់បទ “មនុស្សក្លែងក្លាយ” ដោយរំពឹងក្នុងចិត្តថាបុរសម្នាក់នោះនឹងស្តាប់ឮសម្លេងរបស់ខ្លួនខ្លះ ។
ក្នុងរយៈពេលទាក់ទងគ្នា អ្នកនាងមានអារម្មណ៍ប្រុងប្រយ័ត្ន និងខ្លាចរហូត ព្រោះរាល់ពេលដែលអ្នកនាងទៅផ្ទះមិត្តប្រុស អ្នកនាងមានអារម្មណ៍ថា ខ្លួនដូចត្រូវបានគេទុកចោល ដោយសារខាងបុរសគេមានគ្រួសារអ៊ូអរ ប៉ុន្តែអ្នកនាងគ្មាននរណាម្នាក់ទេ ។
បើនិយាយពីការស្លៀកពាក់វិញ អ្នកនាងពិតជាមិនចូលចិត្តទាល់តែសោះ វាធ្វើឱ្យមានអារម្មណ៍អាប់អួរ ព្រោះជាធម្មតាអ្នកនាងជាយុវវ័យ មិនមែនជាមនុស្សស្រីផ្អែមល្ហែម តាមដែលគេចង់បាននោះទេ ។
បទពិសោធន៍ស្នេហ៍មួយទៀត ដែលធ្វើឲ្យអ្នកនាងចងចាំមិនភ្លេចនោះគឺ ទោះអ្នកនាងលំបាកប៉ុណ្ណា អ្នកនាងក៏មិនដែលគិតចង់បែកដែរ ហើយក៏នៅតែខំធ្វើគ្រប់យ៉ាងដើម្បីត្រកងស្នេហ៍មួយនេះឲ្យឋិតថេរ តែវានៅតែមិនឋិតថេរ ព្រោះនៅទីបំផុតបុរសម្នាក់នោះ នៅតែសុំបែកដដែល ។
ដោយមិនអស់ចិត្ត អ្នកនាងបានសួរបញ្ជាក់ តើពិតជាចង់បែកគ្នាមែនឬ? ខាងប្រុសក៏ឆ្លើយថា “មែនហើយ!” ។ ពេលនោះ អ្នកនាងក៏យល់ព្រមបែកគ្នា ដោយស្មានថាខាងប្រុសនឹងត្រលប់មកលួង សុំត្រូវគ្នាវិញ តែវាផ្ទុយស្រឡះ ព្រោះនៅថ្ងៃបន្ទាប់ បុរសម្នាក់នោះក៏បង្ហាញមុខសង្សារថ្មី ។
អ្នកនាងបាននិយាយដូច្នេះថា ក្រោយពេលភ្លៀងរាំង មេឃក៏ស្រឡះ ក្រោយអាចកាត់ចិត្តបាន អ្នកនាងក៏មានអារម្មណ៍ល្អក្នុងនាមជាខ្លួនឯង គ្មានអ្នកបង្គាប់បញ្ជាទៀត អ្នកនាងយល់ថាខ្លួនមានសេរីភាពពេញលេញនៅទីបំផុត ៕















មតិយោបល់