ព័ត៌មានជាតិ

គួយល់ដឹងចំនុចខ្លះៗ មុនទទួលទានធុរេន

នៅ​អំឡុង​ពេលនេះ អាកាសធាតុ​នៅ​ប្រទេស​យើង​ពិតជា​មានការ​ប្រែប្រួល​ម្ដង​ក្ដៅ ម្ដង​ត្រជាក់ ម្ដង​ភ្លៀង​មិន​ទៀងទាត់​សោះ។ ការប្រែប្រួល​នៃ​អាកាសធាតុ ក៏បាន​ហុច​ផលប៉ះពាល់​ដល់​ប្រភេទ​ផ្លែឈើ​ដូចគ្នា​ដែរ គឺ​មិនមែន​ប៉ះពាល់​តែម​នុស្ស​យើង​នោះទេ។ ជាក់ស្ដែង អាកាសធាតុ​ក្ដៅ ផ្លែឈើ​ដែលមាន​គុណភាព និង​រសជាតិ​ឆ្ងាញ់​ជាងគេ​គឺ ផ្លែ​ទុរេន។ ដោយ​សង្កេតឃើញថា អំឡុង​ពេលនេះ​ជា​ខែ​ដែល​សម្បូរ​ទៅដោយ​ផ្លែ​ទុរេន​មាន​លក់​នៅលើ​ទីផ្សារ​ព្រោងព្រៀត។ ៥ចំណុច ដែល​អ្នក​គួរ​យល់ដឹង​មុន​ទទួលទាន​ផ្លែ ទុរេន ព្រោះ​បើ​អ្នក​មិនដឹង​ច្បាស់​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​អ្នក​បាន។

១. ទុរេន ជា​ផ្លែឈើ​ដែលមាន​កាឡូរី​ខ្ពស់ ព្រោះ​ផ្លែ​ទុរេន 4-6គ្រាប់ វា​មាន​បរិមាណ​កាឡូរី​ដល់​ទៅ 400កាឡូរី បើ​ប្រៀបធៀប​ទៅ​ស្មើនឹង​គ្រឿង​ភេសជ្ជៈ 2កំប៉ុង ហើយ​ស្មើនឹង​បា​យស 1ចានពេញៗតែម្តង។ ហេតុ​ដូច្នេះហើយ ប្រសិនបើ​អ្នក​ជក់​ចិត្តនឹង​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​របស់​ផ្លែ​ទុរេន រហូតដល់​ទទួលទាន​ជាច្រើន​គ្រាប់​នោះ អ្នក​អាច​នឹង​ឡើង​គីឡូ​ដោយ​មិនដឹង​ខ្លួន។

២. នៅក្នុង​ផ្លែ​ទុរេន មាន​បរិមាណ​ជាតិ​ស្ករ​ច្រើន​ដូចគ្នា ដូច្នេះហើយ​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម គួរតែ​ចៀសវាង​ការទទួល​ទាន​ផ្លែ​ទុរេន។

៣. ក្រៅពី​អ្នកជំងឺ​ទឹកនោមផ្អែម​ហើយ អ្នកជំងឺ​ដែលមាន​រោគ​ប្រចាំ​ខ្លួន​ពាក់ព័ន្ធ​ជាមួយនឹង​រោគ​លើសឈាម បេះដូង សរសៃឈាម និង​លើស​ជាតិ​ខ្លាញ់ គប្បី​ទទួលទាន​ផ្លែ​ទុរេន​ក្នុង​បរិមាណ​តិចតួច​បំផុត។

៤. ផ្លែ​ទុរេន គឺជា​ប្រភេទ​ផ្លែឈើ​ដែលមាន​ឥទ្ធិពល​ធ្វើឱ្យ​រាងកាយ​មនុស្ស​ឡើង​ចំហាយ​ក្ដៅ​ខ្ពស់ បើទោះបីជា​អ្នកទទួល​ទាន​តែ1គ្រាប់ ក៏​វា​អាចធ្វើឱ្យ​អ្នក​ក្ដៅ​បំពង់ក​បានដែរ។ ករណី​ដែល​អ្នក​ទទួលទាន​ផ្លែ​ទុរេន លាយ​ជាមួយ​គ្រឿង​ស្រវឹង​ដែលមាន​ជាតិ​អាល់កុល មិន​ថា​ស្រា ឬ​ស្រា​បៀរ ឬ​គ្រឿង​ស្រវឹងផ្សេងៗក៏ដោយ​នោះ គឺ​វា​កាន់តែ​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​រាងកាយ​របស់អ្នក​ទ្វេដង។ រាងកាយ​របស់​អ្នកនឹង​កើន​កម្ដៅ​ខ្លាំងឡើងៗ រហូតដល់​អាច​បាត់បង់​ជីវិត​បាន ដោយសារតែ​ដកដង្ហើម​មិន​រួច។

៥. ខណៈ​បាន​ជ្រាប​ពី​អត្ថប្រយោជន៍​របស់​ផ្លែ​ទុរេន ដែល​ផ្ដល់នូវ​ថាមពល​យ៉ាង​អនេក​ដល់​រាងកាយ ដូចនេះ​នៅពេលណា ឬ​ថ្ងៃ​ណាមួយ​ដែល​អ្នក​ទទួលទាន​ផ្លែ​ទុរេន អ្នក​គប្បី​ចៀសវាង​ទទួលទាន​អាហារផ្សេងៗទៀត ដែលមាន​កម្រិត​ថាមពល​ខ្ពស់​ដូចគ្នា ដូចជាអាហារ​ប្រភេទ​ចៀន​បំពង អាហារ​ដែលមាន​ផ្សំ​ជាមួយ​ខ្ទិះដូង និង​អាហារសម្រន់​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់ ឬ​អ្នក​អាច​កាត់បន្ថយ​បរិមាណ​អាហារ​ទាំងអស់នោះ​ឱ្យនៅ​តិចតួច​ក៏បាន​ដែរ។ ករណី​ដែល​អ្នក​បាន​ទទួលទាន​អាហារផ្សេងៗ និង​ផ្លែ​ទុរេន​ស្របពេល​ជាមួយគ្នា​នោះ អ្នក​គួរតែ​ធ្វើ​លំ​ហាត់ប្រាណដើម្បី​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​ដែលមាន​នៅក្នុង​រាងកាយ​ឱ្យបាន​ល្អ ដើម្បី​ការពារ​អ្នក​ពី​ជំងឺ​ធាត់ និង​ជំងឺ​អាក្រក់ផ្សេងៗទៀត។

 

 

មតិយោបល់