ព័ត៌មានសិល្បៈ និងកម្សាន្ត

មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ ចំនួន ១៤​នាក់​ និងរបួស​សរុប​ ៦៤​នាក់​ អំឡុង រយៈពេល៣​ថ្ងៃ​ នៃបុណ្យ​ភ្ជុំបិណ្ឌ​

​ភ្នំពេញ​ ៖​ រយៈពេល​ ៣​ថ្ងៃ​ គឺ​ថ្ងៃ​ទី​៥​ ដល់​ថ្ងៃ​ទី​៧​ ខែតុលា​ នៃ​ឱកាស​សម្រាក​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ គ្រោះថ្នាក់​ចរាច​ណ៍​នៅ​ទូ​ទាំង​ប្រទេស​ បាន​កើតឡើង​ ៣៥​ លើក​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ ១៤​ នាក់​ និង​របួស​ ៦៤​នាក់​ ក្នុង​នោះ​របួសធ្ងន់​៤៣​នាក់​។​ ចំនួន​អ្នក​របួស​ និង​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាច​រេ​ណ៍​ឆ្នាំ​នេះ​ ប្រហាក់ប្រហែល​នឹង​ឆ្នាំ​មុន​ដែរ​។​

​យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បង្ហាញ​ថា​ នៅ​ថ្ងៃ​ទី​ ៥​ ខែតុលា​ ត្រូវ​នឹង​ថ្ងៃ​ទី​១​ នៃ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​ នៅ​ទូ​ទាំង​ប្រទេស​ កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ចំនួន​ ៩​ លើក​ បណ្តាល​ឲ្យ​ស្លាប់​ ៥​នាក់​ និង​របួស​ ១៨​នាក់​។​ នៅ​ថ្ងៃ​ទី​៦​ ខែតុលា​ មាន​គ្រោះថ្នាក់​ចរាចរណ៍​ កើតឡើង​១១​លើក​ បណ្តាល​ឲ្យ​ស្លាប់​ ៣​ នាក់​ និង​របួស​ ២២​ នាក់​។​ ចំណែក​ថ្ងៃ​ទី​ ៧​ តុលា​នេះ​ គ្រោះថ្នាក់​ចរាចរណ៍​ កើតឡើង​ ១៥​ លើក​ បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ ៦​ នាក់​ និង​របួស​ ២៤​នាក់​។​

​តាម​របាយការណ៍​ដដែល​ មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន​ ក្នុង​ពេល​ភ្ជុំបិណ្ឌ​នេះ​ បង្ក​ឡើង​ច្រើន​ជាងគេ​ ដោយសារ​បើកបរ​លើស​ល្បឿន​កំណត់​ បើកបរ​មិន​គោរព​សិទ្ធិ​ វ៉ា​ប្រជែង​គ្រោះថ្នាក់​ បត់​គ្រោះថ្នាក់​ និង​ដោយសារ​អ្នកបើកបរ​មាន​សារធាតុ​ស្រវឹង​។​

​កាលពី​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ ៣​ថ្ងៃ​ កាលពី​ឆ្នាំ​២០២០​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ដល់​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២០​ គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​ សម្លាប់​មនុស្ស​ ១៥​ នាក់​ និង​របួស​ ៦២​នាក់​៕

មតិយោបល់