ព័ត៌មានសិល្បៈ និងកម្សាន្ត

សមត្ថកិច្ច ចុះពិនិត្យទីតាំងឱសថបូរាណភ្នំទ្រទ្រង់ ដកហូត និងឃ្លុំបេផលិតផលមួយចំនួនដែលសង្ស័យថា មិនស្របតាមច្បាប់របស់ក្រសួងសុខាភិបាល

ភ្នំពេញ៖ សមត្ថកិច្ចចម្រុះ បានចុះត្រួតពិនិត្យនៅក្នុងទីតាំងជាក់ស្ដែងនៅទីតាំងឱសថបូរាណភ្នំទ្រទ្រង់ ដោយបានរកឃើញមានការផលិត ស្តុកទុក និងចែកចាយផលិតផលឱសថ និងគ្រឿងសម្អាងមួយចំនួនមានភាពមិនប្រក្រតី និងខ្វះឯកសារបញ្ជាក់ផ្សេងៗ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញរបស់នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) និងលោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃគ.ប.ផ.ក ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងសហការជាមួយស្ថានប័នជំនាញរបស់ក្រសួងសុខាភិបាល។

បើតាមលោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានក្រុមបង្រ្កាបទី១២ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឱ្យដឹងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកបានដឹកនាំកំលាំងចម្រុះធ្វើការចុះត្រួតពិនិត្យការផលិត ស្តុកទុក និងចែកចាយផលិតផលឱសថបូរាណ និងគ្រឿងសម្អាងយីហោ ភ្នំទ្រទ្រង់។

លោកឧត្តមសេនីយ៍ ញ៉ែម ណារ៉ូ បានឱ្យដឹងបន្ថែមថា បន្ទាប់បញ្ចប់ការត្រួតពិនិត្យជាក់ស្ដែង សមត្ថកិច្ចរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានដកហូត និងឃ្លុំបេផលិតផលមួយចំនួនដែលសង្ស័យថា មិនស្របតាមច្បាប់តម្រូវរបស់ក្រសួងសុខាភិបាល និងតម្រូវឱ្យម្ចាស់ទីតាំង (ឱសថបូរាណភ្នំទ្រទ្រង់) រៀបចំឯកសារ និងចូលខ្លួនមកបំភ្លឺនៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ។

បច្ចុប្បន្នសមត្ថកិច្ច នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ កំពុងសាកសួរនិងស្ដាប់ការបំភ្លឺរបស់ម្ចាស់ទីតាំងឱសថបូរាណភ្នំទ្រទ្រង់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុវត្តន៍នីតិវិធីបន្ដ៕

 

ប្រភព៖​​​​​​ CNC

មតិយោបល់