ព័ត៌មានសិល្បៈ និងកម្សាន្ត

អាសូរណាស់! ប្អូនថ្លៃ ខាត់ សុឃីម ត្រូវកូវីដឆក់យកជីវិតទាំងក្មេង ខណៈទើបសម្រាលកូនហើយបាន ៥ថ្ងៃ

(ភ្នំពេញ)៖ ប្រៀបបានជាដំណឹងដ៏ក្រៀមក្រំមួយរបស់ក្រុមគ្រួសារ តារាពហុជំនាញ ខាត់ សុឃីម ដោយសារតែប្អូនថ្លៃស្រីរបស់នាង បានទទួលមរណភាពទាំងវ័យក្មេង ដោយសារកូវីដ-១៩ ពោលគឺអ្នកស្លាប់នោះ ក៏ត្រូវបានគេដឹងថា ទើបតែសម្រាលកូនបាន៥ថ្ងៃប៉ុណ្ណោះ។

ពិតណាស់ កាលពីថ្ងៃទី ១០ តុលា ២០២១ កន្លងផុតទៅថ្មីៗនេះ អ្នកនាងខាត់ សុឃីម បានធ្វើការបង្ហោះអបអរសាទរ ទទួលសមាជិកថ្មីក្នុងគ្រួសារ ជាកូនប្រុសទី២របស់ ប្អូនប្រុសបង្កើតទី៦ របស់រូបនាង គឺ ខាត់ យ៉ៃ និងអ្នកស្រី លឹម ស្រីណែត។ តែជាអកុសល ទើបសម្រាលកូនបានតែប៉ុន្មានថ្ងៃសោះ គិតមកដល់យប់ម៉ោង ២០និង៣០នាទី ថ្ងៃទី ១៣ តុលា នេះ ស្រាប់តែទទួលដំណឹងមរណភាពដ៏ក្រៀមក្រំរបស់ ប្អូនថ្លៃស្រីរបស់ តារាសម្តែងជើងចាស់រូបនេះ ដែលត្រូវបានបញ្ជាក់ថា ស្លាប់ព្រោះតែកូវីដ១៩។

តាមរយៈបណ្តាញសង្គម អ្នកនាង ខាត់ សុឃីម បានសរសេរសារថា «ម្សិលមុិញ នៅឃើញមុខ ថ្ងៃនេះប្អូន ទៅដោយមិនបានលា បងសោកស្តាយណាស់ ណែតអើយ សូមជាតិក្រោយ អោយប្អូន អាយុវែងណា Covid-19 បានឆក់យកជីវិតប្អូនថ្លៃល្អរបស់ខ្ញុំ ប្រពន្ធប្អូនប្រុសទី៦ Khat Yay ប្អូនរឹងមាំឡើងណា»។

ទទួលបានដំណឹងនេះហើយ មានសិល្បករ សិល្បការិនីជាច្រើន ចូលរួមរំលែកទុក្ខគ្រួសាររបស់តារាស្រីរូបនេះ មិនតែប៉ុណ្ណោះ អ្នកស្រី លឹម ស្រីណែត ត្រូវគេស្គាល់ថា ជាមនុស្សស្លូតបូត រួសរាយ និងចិត្តល្អខ្លាំងណាស់ ដែលដំណឹងនេះ ធ្វើឲ្យមហាជនជាច្រើន សម្តែងការសោកស្តាយជាពន់ពេកផងដែរ៕

 

មតិយោបល់