ព្រះសីហនុ៖ រថភ្លើងរត់ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ដោយមិនដាក់ប៉ារ៉ាសបិតការឆ្លងកាត់ បានបុករថយន្ដសាំយ៉ុង១គ្រឿងពេញទំហឹងខ្ទាតទៅម្ខាង បណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ និងរថយន្តរងការខូចខាតស្ទើរទាំងស្រុង ។ ករណីនេះ កើតឡើងត្រង់ចំណុច ក្បែរទីប្រជុំជនផ្សារវាលរេញ ស្ថិតនៅស្ថិតស្រុកព្រៃនប់ ខេត្ដព្រះសីហនុ កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។
សមត្តកិច្ចកិច្ចមូលដ្ឋាន បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ ព្រឹកថ្ងៃទី១៣ ខែតុលានេះ នៅចំនុចផ្លូវរថភ្លើងកាត់ផ្លូវជាតិលេខ៤ ក្បែរទីប្រជុំជនផ្សារវាលរេញ ចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្ត០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២T-៤៧៣០ ទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ បានបើកឆ្លងផ្លូវជាតិលេខ៤ ចំណុចផ្លូវរថភ្លើងឆ្លងកាត់ ដោយគ្មានអ្នកបិតដាក់ប៉ារាស់ បញ្ជាឈប់ ក៏ត្រូវរថភ្លើងក្នុងទិសដៅពីខេត្តព្រះសីហនុ-ភ្នំពេញ បុកពេញទំហឹងខ្ទាតចេញពីផ្លូវតែម្តង។
ករណីនេះ បណ្តាលឱ្យអ្នកបើកបររថយន្តឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរបើកបររថយន្តដឹកកម្មករ (មិនមានអ្នករួមដំណើរ) ទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រងរបួសធ្ងន់ ហើយបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ)។
បច្ចុប្បន្នសពអ្នករងគ្រោះ ត្រូវបានប្រគល់ឲ្យគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីធ្វើ ការដោះស្រាយតាមនីតិវិធីច្បាប់។
ចំពោះរថភ្លើង បានបន្តដំណើរទៅមុខទៀត ទៅឈប់នៅរ៉ាមានចំងាយប្រមាណជា ២គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។ រថភ្លើងដែលធ្វើដំណើរចេញពីខេត្តព្រះសីហនុ-ទៅភ្នំពេញ ឆ្លងកាត់ស្រុកព្រៃនប់ នៅមានបញ្ហាជួបគ្រោះថ្នាក់បន្តបន្ទាប់ ដែលកើតឡើងពីផ្លូវឆ្លងកាត់ ភាគច្រើនកើតមានចំណុចផ្លូវតូចៗ (ផ្លូវលំ) ចេញចូលធម្មតា ហើយលើកនេះ កើតឡើងផ្លូវធំ គឺលើផ្លូវជាតិ ដែលអាចនិយាយថាជាការធ្វេសប្រហែសរបស់អ្នកប្រចាំការ៕
ប្រភព៖ BTV
មតិយោបល់