ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សុន ស្រីពេជ្រ ប្រកាសលើកថ្ងៃការក្រោយគ្រួសារខាងប្រុសមានទុក្ខ

ភ្នំពេញៈ នៅទីបំផុតគម្រោងរៀបការរបស់កញ្ញាសុន ស្រីពេជ្រ ត្រូវបានលើកពេលទៀតហើយ បន្ទាប់ពីជីតារបស់លោកវិសាលជាគូដណ្ដឹងឈឺធ្ងន់នៅនឹងកន្លែងដោយនាងបញ្ជាក់ថា ស្ថិតក្នុងការឲ្យធម៌។ ស្ថានភាពនេះ បានរុញឲ្យនាង និងគូដណ្ដឹងសម្រេចលើកថ្ងៃការដោយមិនទាន់កំណត់ឃើញនោះផង។

ក្នុងបទសម្ភាសន៍ជាមួយ Post news នាងបានប្រាប់ថា តាមគម្រោងនាង និងគូដណ្ដឹងនឹងត្រូវរៀបការនៅអំឡុងខែ២ក្នុងឆ្នាំ២០១៧ ប៉ុន្តែតាមភាពជាក់ស្ដែងគឺនឹងអាចឈានដល់ចុងឆ្នាំ២០១៧ទើបអាចគិតចេញ។ ហេតុផលដែលនាំឲ្យមានការសម្រេចនោះ គឺដោយសារតែខាងគ្រួសារបស់នាងក៏មានទុក្ខរឿងឪពុក និងប្អូនប្រុសចេះតែមានជំងឺធ្វើទុក្ខបណ្ដាក់គ្នា ដែលទាមទារឲ្យនាងត្រូវប្រឹងរកលុយមកជួយដល់ក្រុមគ្រួសារសិន និងរឿងដែលសំខាន់ជាងគេជីតារបស់លោកវិសាលស្ថិតក្នុងភាពសភាពធ្ងន់ធ្ងរ ដែលមិនអាចគិតគូរពិធីមង្គលក្នុងអំឡុងពេលឆាប់ៗបានទេ។

នាងបានថ្លែងថា«លោកតាដែលពួកយើងបានបង្ហោះ ហើយបញ្ជាក់ថារង់ចាំតែដង្ហើមព្រោះអស់សង្ឃឹមនោះ គឺជាជីតាបង្កើតរបស់គូដណ្ដឹងខ្ញុំ ហើយបើគាត់យ៉ាងមិចៗមែន ពួកយើងនឹងឯកភាពលើកថ្ងៃការដល់ចុងឆ្នាំ២០១៧ហើយ គឺអត់ការក្នុងខែ២ ដើមឆ្នាំក្រោយកើតទេ!»។ នាងថាលោកតារបស់លោកវិសាលមានវ័យ៩៣ឆ្នាំហើយ ហើយលោកក៏ឈឺរ៉ាំរ៉ៃយូរហើយដែរ ប៉ុន្តែប្រមាណជាប៉ុន្មានសប្ដាហ៍ចុងក្រោយលោកមានសភាពធ្ងន់ ដែលតម្រូវឲ្យនាង និងក្រុមគ្រួសារ ក៏ត្រូវបែងចែកមកជួយរឿងជីតាគូដណ្ដឹងផង និងគិតរឿងឪពុក ក៏ដូចជារឿងប្អូនប្រុសដែលមានជំងឺធ្វើទុក្ខនោះផង។

នាងថា លោក សង់ស៊ីស បានចេញពីមន្ទីរពេទ្យហើយ ប៉ុន្តែលោកនៅតែមិនទាន់ស្រួលត្រូវតាមបរិបទដែលពេទ្យឲ្យចេញនោះទេ ដោយសារតែសម្ពាធឈាមជាក់ស្ដែងគឺនៅរក្សា១៧ និង១៨ មិនទាន់ត្រលប់មកសភាពដើម។ នាងនិយាយថា«ពេទ្យអត់ឲ្យពុកចេញទេ ប៉ុន្តែពុកគាត់អត់ព្រម ម្យ៉ាងគាត់មិនចង់ឲ្យអស់លុយច្រើនផង និងឃើញកូនៗសុទ្ធតែរវល់មកមើលថែគាត់ផង ទើបគាត់ទារចេញហើយពេទ្យក៏អត់ជម្រើស!»។

ដោយឡែកចំពោះប្អូ្ននប្រុសរបស់នាងដែលមានជំងឺប្រចាំកាយដូចគ្នាដែរនោះ ក៏មានសភាពទ្រុឌទ្រោមមិនសូវរឹងមាំដូចមុនផងដែរ បន្ទាប់ពីរងគ្រោះថ្នាក់ក្នុងពេលចេញទៅព្យាបាលនៅក្នុងប្រទេសវៀតណាមហើយមានការប៉ះទង្គិចដោយកន្លែង។ នាងថាមានស្ថានភាពគ្រួសាររបស់ខ្លួន និងបញ្ហាកើតឡើងចំពោះលោកតារបស់គូដណ្ដឹងសុទ្ធតែជាហេតុផលមិនអាចជៀសបានធ្វើមង្គលការរបស់នាងកើតឡើងមិនបាននៅខែកុម្ភៈឆ្នាំក្រោយ។ យ៉ាងណាមិញគ្រួសារទាំងសងខាងក៏នឹងព្យាយាមចាត់ចែងពិធីឲ្យបានមុនដាច់ឆ្នាំ២០១៧នោះដែរ ដើម្បីកុំឲ្យដូចពាក្យចាស់ថាភ្ជាប់ពាក្យទុកយូរជូរផ្អូម៕

photo_2016-06-02_23-04-48photo_2016-06-02_22-33-42 copyphoto_2016-06-02_23-04-19photo_2016-06-02_23-04-26photo_2016-06-02_23-04-29photo_2016-06-02_23-04-32photo_2016-06-02_23-04-35photo_2016-06-02_23-04-38photo_2016-06-02_23-04-41photo_2016-06-02_23-04-45

មតិយោបល់