(បរទេស)៖ ជាការពិតណាស់ Maddox ដែលមានឈាមជ័រជាជនជាតិខ្មែរ និងជាកូនចិញ្ចឹមរបស់កំពូលតារាហូលីវូដល្បីឈ្មោះ Angelina Jolie បានបន្តការសិក្សានៅក្នុងប្រទេសកូរ៉េខាងត្បូង តែយ៉ាងណា ដោយសារតែបញ្ហារីករាយរាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យ Maddox ហោះត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ រហូតមកទល់នឹងពេលនេះ Maddox នៅមិនទាន់ត្រឡប់ទៅកូរ៉េវិញនោះទេ ខណៈកាលពីពេលថ្មីៗនេះ បានបង្ហាញវត្តមានជាមួយម្តាយ និងប្អូនៗផ្សេងទៀត ក្នុងពិធីសម្ពោធភាពយន្ត «Eternals»។
នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ លោកស្រី Angelina Jolie បានចូលរួមការសម្ពោធភាពយន្ត «Eternals» នៅក្នុងទីក្រុង Los Angeles ជាមួយកូនៗទាំង៥នាក់របស់ខ្លួន ក្នុងនោះមានកូនប្រុសច្បង Maddox (ម៉ាដុក), កូនភ្លោះ Vivienne (វីវៀន) និង Knox (ណុកស៍), កូនស្រី Zahara (ហ្សាហារ៉ា) និង Shiloh (ហ្សីឡូ) ផងដែរ។
នៅក្នុងភាពយន្តថ្មី «Eternals» នេះ គឺលោកស្រី Angelina Jolie បានដើរតួជាតួអង្គម្នាក់ឈ្មោះ Thena (ថេណា) ដែលមានលក្ខណៈសម្បត្តិពិសេសអាចបង្កើតអាវុធនានាៗបានភ្លាមៗដោយប្រើប្រាស់ថាមពលលោហៈធាតុ។ បន្ថែមពីនេះ ភាពយន្ត «Eternals» ក៏ត្រូវបានគេដឹងថា មានការចូលរួមសម្តែងពីតារាចំរុះជាតិសាសន៍ផងដែរ ដូចជា តារាសម្ដែង Gemma Chan (ជេមម៉ា ឆាន់) ជាតារាអង់គ្លេសកាត់អាស៊ី, លោក Don Lee (ដុន លី) ជាតារាសម្ដែងកូរ៉េកាត់អាមេរិក ហើយថែមទាំងមានការដឹកនាំការថតដោយអ្នកដឹកនាំជនជាតិចិនឈ្មោះ Chloe Zhao (ខ្លូអ៊ី ហ្ស៉ាវ) ដែលទើបតែទទួលបានពានរង្វាន់អូស្កាជាច្រើននៅឆ្នាំនេះទៀតផង។
គួរជម្រាបថា បន្ទាប់ពីបានបើកសម្ពោធជាផ្លុវការ រឿងបែបវីរបុរសថ្មីរបស់ផលិតកម្ម Mavel គឺ «Eternals» នឹងចាប់ផ្ដើមចាក់បញ្ចាំងតាមរោងភាពយន្តនានានៅទូទាំងពិភពលោកចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា ក្រោយពីបានពន្យារពេលអស់មួយឆ្នាំ ដោយសារតែវិបត្តិកូវីដ-១៩៕
មតិយោបល់