(បរទេស)៖ តារាសម្តែងមួយរូបនៅក្នុងរឿង «Squid Game» លោក Yeong-su Oh ដែលសម្តែងជាតួអង្គពាក់អាវលេខ ០០១ គឺ តាណាំ បានថ្លែងនៅក្នុងកម្មវិធីមួយរបស់កូរ៉េឈ្មោះ «How Do I Play» ថា លោកពិតជាពិបាកមែនទែន ក្នុងការដោះស្រាយជាមួយចំនួននៃការខលផ្តល់ឱកាសសម្តែងដល់លោក បន្ទាប់ពីប្រជាប្រិយរបស់តារាសម្តែងវ័យ ៧៧ ឆ្នាំរូបនេះ ក្នុងរឿង «Squid Game» ឡើងខ្ពស់ត្រដែត។
ក្នុងរឿងភាគកូរ៉េមួយនេះ លោក Yeong-su ដើរតួជា Oh Il Nam ជាតួអង្គអ្នកលេងដ៏សំខាន់មួយរូបឈរលេខរៀងទី១ ក្នុងចំណោមអ្នកលេងចំនួន ៤៥៦ នាក់ ក្នុងគោលបំណងដើម្បីឈ្នះប្រាក់រង្វាន់ ដើម្បីលោះបំណុល។ បើតាមការឱ្យដឹងពីលោក Yeong-su Oh បានបញ្ជាក់ប្រាប់កម្មវិធី «How Do I Play» ថា រូបលោកទទួលបាននូវការផ្តល់ជូននូវឱកាសជាច្រើន ចាប់តាំងពីខ្សែភាពយន្ត Squid Game បានធ្វើកេរ្តិ៍ឈ្មោះរបស់លោករីកសុះសាយ។
ភាពយន្ត «Squid Game» របស់កូរ៉េខាងត្បូងគឺជាភាពយន្តកំពុងល្បីផ្ទុះខ្លាំង នេះគឺនិយាយពីក្រុមសង្គមងងឹតរៀបចំហ្គេមនៅលើកោះដាច់ក្រយាលមួយ ។ ចំពោះអ្នកចូលរួមលេងហ្គេមសុទ្ធតែដឹងថាហ្គេមនេះ បើលេងចាញ់គឺត្រូវបាត់បង់ជីវិត តែដោយសារចង់បានលុយខ្លាំងពេលពួកគេបានប្ដូរជីវិតដើម្បីបានរង្វាន់ជាទឹកលុយច្រើនមហាសាលពីការឈ្នះហ្គេមនោះ។
យ៉ាងណាមិញ បន្ទាប់ពីបានដាក់បញ្ចាំងនៅលើ Netflix តាំងពីថ្ងៃទី១៧ ខែកញ្ញាមក រឿងភាគកូរ៉េបែបរន្ធត់មួយនេះ ទទួលបានការទស្សនាច្រើនបំផុត ពោលគឺបានក្លាយជារឿងភាគកូរ៉េទី១ ដែលស្ថិតនៅលើកំពូលតារារបស់ Netflix ក្នុងសហរដ្ឋអាមេរិក ដោយចូលក្នុង Top 10 ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីទទួលបានជោគជ័យ លើសពីការរំពឹងទុកក្នុងវគ្គមួយ ក្រុមហ៊ុនក៏កំពុងផលិតវគ្គពីរជាបន្តផងដែរ៕
មតិយោបល់