ព័ត៌មានសិល្បៈ និងកម្សាន្ត

ឱក សុគន្ធកញ្ញា រំលឹកឈ្មោះបុគ្គលសំខាន់ៗទាំងនេះ ធ្វើឲ្យនាងមានភាពល្អឥតខ្ចោះ ពេលសម្តែងលើឆាកអន្តរជាតិ

(ភ្នំពេញ)៖ ទស្សនិកជនពិតជាបានជ្រាបហើយថា កាលពីរាត្រីនៃថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យសិល្បៈខ្មែរទូទាំងប្រទេសមានការរំភើបចិត្ត និង ព្រឺសម្បុរមិនតិចនោះទេ ក្រោយពីបានទស្សនាការបង្ហាញខ្លួនសម្ដែងដ៏ប៉ិនប្រសប់ និង អស្ចារ្យបំផុតរបស់អ្នកនាង ក្នុងកម្មវិធី «MEKONG – KOREA FRIENDSHIP CONCERT» ដែលបានបង្ហាញនូវសិល្បៈ វប្បធម៌ អរិយធម៌ ដ៏អស្ចារ្យដែលជារបស់ខ្មែរនៅលើឆាកអន្តរជាតិនេះ។

ដោយឡែក នៅពីក្រោយការផលិត និងការសម្ដែងទស្សនីយភាពក្នុងបទចម្រៀង «រស់ជាខ្លួនឯង» ដែលតារាចម្រៀងលំដាប់ប្រភេទមួយនេះលើកយកមកសម្តែង ដ៏ល្អឥតខ្ចោះ គឺមានលោក ឯម ស៊ីដែន ជាអ្នកដឹកនាំសម្ដែង ក៏ដូចជាអ្នកកាត់តក្នុងបទចម្រៀងមួយនេះ ព្រមទាំងមានបុគ្គលសំខាន់ៗមួយចំនួនផ្សេងទៀត ដូចជា អ្នកច្នៃសម្លៀកបំពាក់ អ្នកធ្វើសក់ ផាត់មុខ ជាដើម បានជួយជ្រោមជ្រែង កែប្រែសម្រស់របស់នាងឲ្យកាន់តែឥតខ្ចោះពេលឡើងសម្តែង។

ឆ្លើយតបនឹងការខិតខំរបស់បុគ្គលទាំងនោះ តារាចម្រៀង ឱក សុគន្ធកញ្ញា បានរំលេចសារយ៉ាងដូច្នេះថា «ចង់ឱ្យការងារមួយជោគជ័យទៅបានត្រូវមានការជួយជ្រោមជ្រែងពីក្រោយច្រើនណាស់ មើលត្រឹមជ្រុងនៃសម្រស់ សម្លៀកបំពាក់ រូបថត ទាំងនេះជាស្នាដៃដ៏ល្អឥតខ្ចោះរបស់ពួកគាត់។ ផាត់មុខ Maha Virak Make Up, ធ្វើសក់ Chan Trea, រៀបចំសម្លៀកបំពាក់ Bottra Mohaart Nara Pich, កាត់ដេរ សុផល, ថតរូប Chomrong។ អរគុណចំពោះការលះបង់ជាច្រើនសម្រាប់ការងារមួយនេះ»។

គួរជម្រាបថា ក្នុងកម្មវិធីដ៏អស្ចារ្យខាងលើ កំពូលតារាចម្រៀងស្រីរូបនេះ បានលើកយកបទចម្រៀងជាភាសាខ្មែរ ចំណងជើងថា «រស់ជាខ្លួនឯង»ពោរពេញដោយអត្ថន័យ បូករួមជាមួយនឹងការបង្ហាញនូវទស្សនីយភាពយ៉ាងអស្ចារ្យក្រៃលែង ដែលអ្នកនាងធ្វើការបង្ហាញ និងណែនាំនូវប្រាសាទអង្គរវត្តរបស់កម្ពុជាដល់សកលលោក ព្រមទាំងបានរាំនូវរបាំ «បួងសួងព្រាហ្មណ៍» និង ដាក់បញ្ជូលនូវភ្លេងបុរាណក្នុងការសម្តែងបទចម្រៀងរបស់អ្នកនាងផងដែរ។

ផ្ទាំងទស្សនីយដ៏អស្ចារ្យនេះ បានអង្រួនបេះដូងមហាជនអ្នកគាំទ្រខ្មែរគ្រប់គ្នា ដែលបានទស្សនាហើយ នាំគ្នាបង្ហាញនូវការស្រឡាញ់ពេញចិត្តយ៉ាងពេញទំហឹង ព្រមទាំងភ្ជាប់នឹងពាក្យពេចន៍ស្ងើចសរសើរមិនដាច់ពីមាត់ និង មានមោទកភាពខ្លាំងចំពោះកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ដែលបានបង្ហាញខ្លួនដ៏អស្ចារ្យ និង បាននាំយកសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបរបស់ខ្មែរបង្ហាញលើឆាកអន្តរជាតិ។

 

មតិយោបល់