ព័ត៌មានសិល្បៈ និងកម្សាន្ត

ចាប់ខ្លួនមុខសញ្ញាសង្ស័យចំនួន ៣នាក់ ធ្វើសកម្មភាពប្លន់ម៉ូតូពលរដ្ឋពេលយប់ នៅស្រុកបាទី ខេត្តតាកែវ

តាកែវ៖ មានករណីជិះម៉ូតូដេញកាប់ប្លន់យកម៉ូតូ ប្រដាប់ដោយដាវ និងដំបងរលាស់(ដែក) ជិះម៉ូតូ២គ្រឿង ដេញកាប់ប្លន់ម៉ូតូ ១គ្រឿង របស់ជនរងគ្រោះឈ្មោះ ង៉ែត សារ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិរមេញ ឃុំរមេញ ស្រុកកោះអណ្តែត កាលពីវេលាម៉ោង ១:០០នាទី ឈានចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ដោយមានការបញ្ជាពី លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានដឹកនាំកម្លាំង វែកមុខរកជនបង្កឱ្យឃើញយកមកផ្តន្ទាទោស ដោយប្រើប្រាស់គ្រប់វិធានការ និងសម្ភារ ពួនស្ទាក់គ្រប់ច្រកល្ហក រហូតដល់វេលាម៉ោង ៨:៣០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានកំណត់មុខសញ្ញារហូតឈានដល់ចាប់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន ៣នាក់ នៅចំណុចផ្ទះសំណាក់យីហោ (មាន មាន) ស្ថិតក្នុងភូមិរុន ឃុំចំបក់ ស្រុកបាទី រួមមាន ឈ្មោះ សិលា រ៉ាវុធ ហៅវិត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី, ឈ្មោះ ផន បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី និង ឈ្មោះ ឆាន ប៊ុនណា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិរវៀង ឃុំរវៀង ស្រុកសំរោង។ ចំណែកជនសង្ស័យ ១នាក់ទៀតមានឈ្មោះ សេង សុវណ្ណ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្រមោចហែ ឃុំចំបក់ ស្រុកបាទី (បានជិះម៉ូតូជនរងគ្រោះរត់គេចខ្លួនបាត់)។

ក្រោយចាប់ខ្លួន ជនសង្ស័យទាំង៣នាក់ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពដេញកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅចំណុចខាងលើប្រាកដមែន ព្រមទាំងដកហូតបាន ម៉ូតូ ជិះធ្វើសកម្មភាពចំនួន ២គ្រឿង ដាវចំនួន ២ដើម និងដំបងរលាស់(ដែក) ១ដើម។ បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវរកជនសង្ស័យម្នាក់ទៀត កំពុងរត់គេចខ្លួនដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់