ព័ត៌មានសិល្បៈ និងកម្សាន្ត

សោកស្ដាយណាស់! កំពូលតារាសម្តែងជើងចាស់ កែវ មន្ថា ទទួលមរណភាពក្នុងវ័យ ៧៧ឆ្នាំ

(ភ្នំពេញ)៖ មហាជនប្រាកដជានៅចងចាំនៅឡើយកំពូលតារាសម្តែងជើងចាស់លោកស្រី កែវ មន្ថា ដែលជាតារាភាយន្ត និង តារាចម្រៀងទសវត្សរ៍ ៦០ ព្រមជាជីដូនរបស់តារាចម្រៀងប្រចាំផលិតកម្មថោន គឺកញ្ញា ស៊ូ ស៊ីរីកា ផងដែរនោះ បានទទួលមរណភាពហើយ ក្នុងវ័យ៧៧ឆ្នាំ ដោយរោគាពាធ។ នេះជាដំណឹងដ៏ក្រៀមក្រំបំផុត សម្រាប់វ័យសិល្បៈខ្មែរ បានបាត់បង់សិក្បការិនីជើងចាស់ដ៏មានទេពកោសល្យមួយរូប។

ជាក់ស្តែងនៅក្នុងសារនោះ តារាចម្រៀងស្រីកញ្ញា ស៊ូ សុីរីកា បានសរសេររៀបរាប់យ៉ាងដូច្នេះថា «សូមដួងវិញ្ញាណក្ខន្ធលោកយាយ កែវ មន្ថា ជាទីស្រលាញ់ គោរពរបស់កូនចៅនឹងជាម្លប់ក្រុមគ្រួសារទាំងមូលបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ចៅស្រលាញ់លោកយាយខ្លាំងជាទីបំផុត»។

ងាកមកតារាចម្រៀង ករុណា ពេជ្រវិញ ក៏បានបង្ហោះសារចូលរួមរំឡែកទុក្ខយ៉ាងដូច្នេះថា «ដំណឹងដ៏ក្រៀមក្រំបំផុត! ខ្ញុំបាទ សូមចូលរួមរំលែកទុក្ខ និង សោកស្ដាយបំផុត ចំពោះការបាត់បង់លោកយាយជាទីស្រឡាញ់បំផុត
របស់កញ្ញា ស៊ូ ស៊ីរីកា …។ ការបាត់បង់នេះគឺបង្ហាញពីការបាត់បង់សិល្បះករ ជំនាន់ចាស់ទស្សវត្ស ៦០ និង ៧០ ដោយបទចម្រៀងនិងការសម្ដែងរបស់លោកយាយគឺស្ថិតក្នុងបេះដូងកូនចៅជំនាន់ក្រោយជារៀងរហូត…សូមលោកយាយទៅកាន់សុគិតភព»។

គួរាជម្រាបថា ស្នាដៃសំខាន់ៗរបស់តារាជើងថា កែវ មន្ថា គឺបានចូលរួមសម្តែងជាច្រើនរឿង មានដូចជា រឿងស្បៃក្រហម, រឿងងាកមើលក្រោយផង, រឿងចិត្តម្តាយ ឬ គូកម្មទេបង, រឿងសង្សារឧត្តមដួងចិត្ត, រឿងសំណើចចំអកនៃព្រហ្មលិខិត, រឿងផ្ការាំទឹករាំ, រឿងព្រះរាមចូលកោដ្ឋបញ្ឆោតនាងសីតា (រាមកេរ្តិ៍), , រឿងទឹកភ្នែកនាងគ, រឿងប្រហារដួងចិត្ត, រឿងសុគន្ធថោង, រឿងពូជមួយត្រួយពីរ, រឿងឆាយាលើអង្គរ។ ក្រៅពីភាពយន្ត លោកស្រីកែវ មន្ថា ធ្លាប់ជាតារាចម្រៀងដ៏ល្បីប្រចាំទសវត្សទី៦០ និង៧០។ ការបាត់បង់លោកស្រីប្រៀបបានទៅនឹងការបាត់បង់ធនធានមនុស្សដ៏សំខាន់នៅក្នុងវិស័យសិល្ប:ចម្រៀងកម្ពុជា។ ជាចុងបញ្ចប់យើងខ្ញុំសុំឧទ្ទិសកុសល ឲ្យដួងវិញ្ញាណក្ខន្ធរបស់វីរ:សិល្បការិនីចម្រៀង លោកស្រីកែវមន្ថា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

មតិយោបល់