ព័ត៌មានសិល្បៈ និងកម្សាន្ត

កូវីដ-១៩ ស្ងប់ស្ងាត់ តារាសម្តែង សារាយ សក្ខណា នាំគ្រួសារមកលេងទឹកដីកំណើត

(ភ្នំពេញ)៖ ក្រោយពីរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ តារាសម្តែង សារាយ សក្ខណា ដែលរស់នៅសហរដ្ឋអាមេរិកជាមួយគ្រួសារ និងខកខានមកលេខស្រុកខ្មែរជាយូរនោះ ត្រូវបានគេមើលឃើញថា បានមកដល់ទឹកដីមាតុភូមិកំណើតហើយ។

តារាសម្ដែងល្បីឈ្មោះរូបនេះ បានមកដល់ប្រទេស កម្ពុជា កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា កន្លងមកនេះ វត្តមាននាងក្នុងពេលនេះ បានធ្វើឱ្យម្តាយនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះនាងមកស្ងាត់ៗមិនបានប្រាប់ នរណាម្នាក់ឱ្យបានដឹងលឺឡើយ ។ បើតាមគម្រោង សារាយ សក្ខណា មកលេងស្រុកកំណើតលើកនេះ យូរជាងរាល់ដង ពីព្រោះនាងមានគម្រោងផ្សេងៗជាច្រើនដែលត្រូវធ្វើ ។ អ្វីដែលមហាជនចាប់អារម្មណ៍ គឺនាងនៅតែស្រស់ស្អាត និងមានរូបរាងតូចស្រលូនដូចកាលពីមុនដដែល បើទោះបីជានាងមានកូនដល់ទៅ ២ នាក់ក្តី សារាយ សក្ខណា បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា នាងពិតជាមានការនឹករលឹកស្រុកកំណើតខ្លាំងណាស់ ដោយសារជំងឺកូវីដ ១៩ បានរីករាលដាលពេញពិភពលោក ធ្វើឱ្យនាងមិនអាចចេញទៅណាមកណាបានទេ មានតែសង្ងំនៅផ្ទះថែទាំសុខភាព តែក្រោយពីរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ នាងនឹងគ្រួសារ ក៏សម្រេចចិត្តទិញសំបុត្រយន្តហោះមកលេងស្រុកកំណើតតែម្តង។

តាមប្រភពបានឲ្យដឹងថា គោលបំណងធំដែលតារាសម្តែង សារាយ សក្ខណា មកស្រុកលេងកំណើតលើកនេះ គឺដើម្បីមើលមុខជំនូញរបស់ខ្លួនផង និងដើម្បីចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ប្អូនប្រុសជាទីស្រឡាញ់របស់ខ្លួនដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២២ នាពលខាងមុខ ដោយអញ្ជើញភ្ញៀវកិត្តិយសក្នុងនិងក្រៅសិល្បៈជាច្រើនចូលរួមអបអរសាទរ ។ ស្របពេលបង្ហាញមុខក្នុងទឹកដីកំណើតឡើងវិញ សារាយ សក្ខណា ក៏មានបំណងនឹងថតរឿងថ្មីឱ្យផលិតកម្មក្នុងស្រុកមួយ ក្រោយពីចចារគ្នាកាលពីប៉ុន្មានខែមុន ទោះបីជាស្នាដៃថ្មីនោះមិនទាន់ចេញជាផ្លូវការ ប៉ុន្តែនាងសង្ឃឹមថា ទស្សនិកជននៅតែស្រឡាញ់ និងគាំទ្រនាងដូកាលពីមុន៕

មតិយោបល់