ភ្នំពេញៈ មានការភ្ញាក់ផ្អើលទៀតហើយ បន្ទាប់មានដំណឹងថា តួឯកស្រីល្បីឈ្មោះនៅក្នុងប្រទេសថៃ គឺកញ្ញា Bella ដែលជាតួឯកក្នុងរឿង«វិមានមេខឡា» កំពុងពេញនិយមនៅលើកញ្ចក់ទូរទស្សន៍ភីអ៊ិនអ៊ិន គ្រោងមកសម្ដែងជាលើកទី១នៅក្នុងប្រទេសកម្ពុជានៅខែតុលា ខាងមុខ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលទៅទៀតនោះ គឺនាងប្រកាសថា នឹងដឹកនាំលោក James Jirayu ដែលអ្នកក៏ស្គាល់ថា ជាកំពូលតារាជួរមុខនៅក្នុងប្រទេសថៃ មកច្រៀងនៅថ្ងៃនោះដែរ។
ប្រភពច្បាស់ការបានអះអាងថា លោក James Jirayu និង កញ្ញា Bella នឹងចុះមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី០៩ ខែតុលាខាងមុខនេះហើយ ដើម្បីច្រៀងរាំ និងស្វាគមន៍អ្នកគាំទ្ររបស់ខ្លួន បន្ទាប់ពីរឿងរបស់អ្នកទាំងពីរត្រូវបានស្ថានីយទូរទស្សន៍ធំៗក្នុងស្រុកដាក់បញ្ចាំងប្រដេញគ្នា ធ្វើឲ្យអ្នកគាំទ្រភាពយន្តថៃស្គាល់មុខ។ អ្នកទាំងពីរ គឺជាកំពូលតារាភាពយន្តដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ TV3 ល្បីល្បាញរបស់ថៃ។ អ្នកទាំងពីរត្រូវបានប្រកាសថា នឹងបង្ហាញខ្លួននៅក្នុងកម្មវិធីមួយដែលមានឈ្មោះថា«វេទិកាតារាថៃប្រចាំ PNN ២០១៦» នៅផ្សារទំនើបអ៊ីអន ក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានសកម្មភាពឲ្យអ្នកគាំទ្រថតរូបដោយផ្ទាល់ និងច្រៀងរាំផង។
កញ្ញា ទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយរបស់ ភីអិនអិន បានបញ្ជាក់ថា៖ «ភីអិនអិនទទួលបាននូវការសំណូមពរយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់អ្នកគាំទ្រភាពយន្តភាគថៃរបស់ភីអិនអិន ស្នើសុំឲ្យអញ្ជើញលោកJames ជាដៃគូជាមួយកញ្ញាBellaមកសម្ដែងនៅស្រុកខ្មែរ ទើបក្រុមការងាររបស់យើងសម្រេចចំណាយថវិកាអញ្ជើញពួកគាត់ឲ្យមករួមគ្នា ស្របនឹងខ្សែរឿងរបស់ពួកគេកំពុងពេញនិយមនៅក្នុងពេលនេះ!»។ កញ្ញាថា លោក James Jirayu និងកញ្ញា Bella បានចាប់ដៃគ្នាសម្តែងក្នុងរឿង «សុភាពបុរសទាំង៥ ឬ Suparburoot Jutathep Series» និងរឿង«ភរិយាបណ្តូលចិត្ត ឬ Beloved Loyal Wife» ដែលជារឿងល្បីល្បាញនៅថៃ និងគ្រោងដាក់បញ្ចាំងក្នុងពេលឆាប់ៗនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន មុនដំណើរមកដល់របស់ពួកគេ។ កញ្ញាថា លោក James មានឈ្មោះពិត Jirayu Tangsrisuk គឺជាតារាសម្តែង ជាអ្នកចម្រៀង និងជាអ្នកបង្ហាញម៉ូដដ៏ល្បីនៅក្នុងប្រទេសថៃ ជាក់ស្ដែងក្នុងឆ្នាំ២០១១ James បានឈ្នះការប្រកួតរបស់ផលិតផលគ្រឿងសម្អាង Mistine និងបានប្រឡូកការសម្ដែងក្នុងឆ្នាំ២០១៣ ដោយល្បីតែម្ដងក្នុងរឿង«Suparburoot Jutathep» ជាមួយតួឯកស្រីនាង Bella Ranee តែម្ដង។ តារាទាំងពីរគឺលោក James និងBella ក៏ធ្លាប់បានទទួលពានរង្វាន់ជា Fantasy Couple of the Year ពី Kerd Awards បន្ទាប់ពីពួកគេបានសម្តែងរួមគ្នានៅក្នុងរឿងមួយនេះ ទើបសម្រេចចិត្តអញ្ជើញឲ្យមកសម្ដែងនៅកម្ពុជាព្រមគ្នានៅថ្ងៃទី៩ តុលានោះ។
ព័ត៌មាននេះក្រោយការទម្លាយចេញ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញហ្វហ្វេសប៊ុក ដោយសារតែលោក James និង Bella គឺជាតារាប្រុសស្រីក្នុងរឿងរាប់មិនអស់ដែលមហាជនខ្មែរបានស្គាល់តាមរយៈភាពយន្តថៃយូរមកហើយ តាំងពីរឿងរបស់ពួកគេមិនទាន់ត្រូវបានដាក់លើកញ្ចក់ទូរទស្សន៍ ភីអ៊ិនអ៊ិន៕
មតិយោបល់