ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា ស្នើដល់អ្នកគាំទ្រកុំយករូបនាងទៅកាត់បញ្ចូលក្នុងបទភ្លេងថៃ

(ភ្នំពេញ)៖ ពេជ្រ សោភា គឺជាតារាចម្រៀងស្រីដែលមានប្រជាប្រិយភាពមួយរូប និងមានមហាជនជាច្រើនផ្ដល់ការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីផងដែរ តាមរយ:បទចម្រៀងល្បីៗនាពេលកន្លងមក ទោះបីជាបានប្រឡូកក្នុងវិស័យសិល្ប:ចម្រៀងជាយូរឆ្នាំ ប៉ុន្តែអ្នកនាង ពេជ្រ សោភា នៅតែអាចរក្សាបានប្រជាប្រិយភាពដដែល។

ជាក់សម្តែងនៅពេលថ្មីៗនេះ ពេជ្រ សោភា បានបង្ហោះសារដោយបានផ្តាំផ្ញើទៅកាន់អ្នកគាំទ្រទាំងអស់ ហាមយករូបរបស់ខ្លួនទៅកាត់ដាក់បញ្ចូលក្នុងបទចម្រៀង ឬក៏ភ្លេងរបស់ថៃជាដាច់ខាត។ ដោយតារាចម្រៀងស្រីចាស់វង្សារូបនេះបានសរសេរនៅបណ្តាញសង្គមរបស់ខ្លួនថា «ខ្ញុំសុំចិត្តអ្នកគាំទ្ររបស់ខ្ញុំ សូមកុំយករូបភាពខ្ញុំ ប្រើប្រាស់ក្នុងបទភ្លេងរបស់សៀម ឬក្នុងសាច់ភ្លេងរឿងរបស់សៀម (ថៃ)»។

សំណេរយ៉ាងខ្លីរបស់ សោភា មិនបានបញ្ជាក់ពីមូលហេតុនៃបម្រាមនេះឡើយ។ ប៉ុន្តែគេអាចដឹងបានថា ថ្វីត្បិតតែ ពេជ្រ សោភា ជាតារាចម្រៀងសម័យបែបយុវវ័យយ៉ាងក៏ដោយ ក៏នាងតែងបង្ហាញនូវឆន្ទ:មនសិកាចូលរួមលើកដម្កើង ថែរក្សាមរតកវប្បធម៌ខ្មែរ ដែលដូនតាបន្សល់ទុក ជាអាថ៌ទម្រង់សិល្ប:បុរាណនានា និងតែងបានធ្វើសកម្មភាពដោយផ្ទាល់ទៀតផង។ តារាចម្រៀងរូបនេះធ្លាប់បានអះអាងថា ការណ៍ដែលមានម្ដាយជាអ្នករបាំ នាងមានមោទនភាពបំផុត៕

មតិយោបល់