ក្នុងឱកាសចុះមកដល់កម្ពុជាកាលពីល្ងាចថ្ងៃទី២៥ កក្កដា លោកសូ ស្រណោះ ដែលជាអ្នកដឹកនាំកូនសិស្សទៅប្រកួតចម្រៀង និងតន្ត្រី ក្នុងព្រឹត្តិការណ៍ Asian Pacific Arts Festival 2017 នៅប្រទេសសិង្ហបុរី ហើយទទួលបានពានមាស ឬហៅថាមេដាយមាសរហូតដល់១៦ត្រឡប់មកវិញនោះ បានអះអាងថា លោកនឹងបញ្ជូនម្ចាស់ជ័យលាភីដែលទទួលបានផ្លែផ្កាពីការប្រកួតនោះ ទៅប្រកួតនៅប្រទេសមួយផ្សេងទៀតក្នុងពេលដ៏ខ្លី។ លោកថាកូនសិស្សរបស់លោកកាន់តែមានសមត្ថភាពលើផ្នែកតន្ត្រី និងច្រៀង ទើបលោកយល់ថាត្រូវតែខំស្វះស្វែងបើកផ្លូវឲ្យម្ចាស់ជ័យលាភីទាំងនេះ ឲ្យបានបន្តចូលរួមក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិមួយផ្សេងទៀត។
លោកបានថ្លែងនៅព្រមានយន្តហោះភ្នំពេញក្រោយយន្តហោះចុះថា ក្រោយទទួលបានមេដាយមាសរហូតដល់១៦មេដាយក្នុងចំណោមសិស្សដែលចេញប្រកួតទាំង២១រូប កាន់តែធ្វើឲ្យលោកមានជំនឿចិត្តក្នុងការទាក់ទងទៅកាន់ប្រទេសមួយចំនួនផ្សេងទៀត ដែលមានព្រឹត្តិការណ៍ប្រកួតប្រជែងខាងផ្នែកសិល្បៈនេះដែលលោកទើបនឹងដឹង។ លោកថាការប្រកួតដែលបានធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី គឺជាការប្រកួតដែលម្ចាស់ជ័យលាភីត្រូវទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធិ ប៉ុន្តែដោយសារតែការប្រកួតសិល្បៈគេមិនសូវនិយមផ្ដល់ឲ្យជាមេដាយដើម្បីឲ្យពាក់ជាប់នឹង-កដូចគ្នានឹងការប្រកួតកីឡា ទើបគេឲ្យជាពាន ដែលលោកនៅតែហៅពាននោះថាជាមេដាយ។
លោកបានទទួលដំណឹងជាច្រើនថា ប្រទេសពីរបីផ្សេងទៀតក៏មានការប្រកួតតន្ត្រី និងចម្រៀងដូចគ្នានឹងការប្រកួតនៅក្នុងប្រទេសសិង្ហបុរីដូចគ្នាផងដែរ ទើបលោកប្រកាសថាកូនសិស្សរបស់លោកដែលជាប់មេដាយមាសត្រូវតែបានបន្តទៅប្រកួតលើឆាកអន្តរជាតិមួយផ្សេងទៀតក្នុងពេលឆាប់ៗ ដោយកម្មវិធីខ្លះមានទ្រង់ទ្រាយធំជាងការប្រកួតដែលបានរៀបចំនៅក្នុងប្រទេសសិង្ហបុរីនោះផង។
យ៉ាងណាមិញ លោកមិនទាន់ច្បាស់ថាតើប្រទេសណាមួយ ហើយពេលណាអោយប្រាកដក្នុងការបញ្ជូនម្ចាស់មេដាយទាំង១៦ឲ្យចេញប្រកួតនោះទេ ដោយត្រូវរង់ចាំមើលចម្លើយ និងលក្ខខណ្ឌរបស់ប្រទេសដែលលោកនឹងទាក់ទងទៅសិន។
លោកថាក្រោយការដឹកនាំកូនសិស្សឲ្យចេញប្រកួត ហើយដណ្ដើមបានពានមាស ឬមេដាយមាសបានច្រើននៅសិង្ហបុរី មិនត្រឹមតែធ្វើឲ្យលោកទទួលបានបទពិសោធន៍ប៉ុណ្ណោះទេ តែសំខាន់ជាងគេបានស្គាល់ប្រទេសផ្សេងទៀតដែលនឹងមានការប្រកួតបែបនេះសម្រាប់គម្រោងបន្ទាប់។ លោកថាប្រសិនបើប្រទេសដែលលោកត្រូវបញ្ជូនកូនសិស្សទៅ បើកសិទ្ធិឲ្យលោកអាចយកម្ចាស់មេដាយមាសទាំង១៦ទៅ នោះការបញ្ជូនទៅនឹងជ្រើសយកទាំងអស់ តែបើគេកំណត់យកតិចជាងនេះ គឺលោកនឹងធ្វើការប្រកួតប្រជែងជម្រើសតែក្នុងចំនួនមួយក្នុងចំណោមទាំង១៦នាក់។
លោក សូ ស្រណោះ បញ្ជាក់ថាការប្រកួតដែលទើបបញ្ចប់នៅសិង្ហបុរី មានបេក្ខភាពសរុបជាង៣០០នាក់មកពី១០ប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក ដោយកម្ពុជាទទួលបានមេដាយមាស១៦រូបលើវិញ្ញសារព្យាណូ វីយូឡុង និងចម្រៀងក្នុងចំណោម២១រូប ខណៈដែលក្នុងព្រឹត្តិការណ៍នោះមានពានមាសធំ៣ ហើយអ្នកឈ្នះបានលើប្រទេសហ្វីលីពីន ចិន និងឥណ្ឌូនេស៊ី៕
មតិយោបល់