វីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង (Omicron) ដែលគេបានរកឃើញដំបូងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ឥឡូវនេះកំពុងឆ្លងរាលដាលទៅកាន់ប្រទេសជាច្រើន។ ករណីនេះធ្វើឱ្យអង្គការសុខភាពពិភពលោក (WHO) ព្រមានទុកជាមុនអំពីហានិភ័យដែលអាចកើតមាន និងជំរុញឱ្យប្រទេសមួយចំនួនអំពាវនាវទៅកាន់ពលរដ្ឋរបស់ខ្លួនឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ។
គិតមកទល់នឹងថ្ងៃអង្គារនេះ ប្រទេសដែលបានបញ្ជាក់ថា មានករណីឆ្លងវីរុសបំប្លែងថ្មីនេះមានដូចជាប្រទេសជប៉ុន អេស្ប៉ាញ ព័រទុយហ្គាល់ កាណាដា ស្កុតលែន អូស្ត្រាលី ហូឡង់ អូទ្រីស ស៊ុយអែត និងដែនកោះ Reunion របស់ប្រទេសបារាំង។
អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានថ្លែងនៅក្នុងកិច្ចប្រជុំពិសេសរបស់មហាសន្និបាតសុខភាពពិភពលោក (World Health Assembly) កាលពីថ្ងៃចន្ទថា៖ «វីរុសដ៏កាចសាហាវដែលយើងអាចបង្ការ អាចរកឃើញ និងអាចព្យាបាលនេះ នៅតែបន្តធ្វើឲ្យពិភពលោកមានភាពអាប់អួយូរតទៅមុខទៀត»។
លោកបានបន្ថែមថា៖ «ការលេចឡើងនៃវីរុសបំប្លែងថ្មីអូមីក្រុងនេះ គឺជាការរំឭកមួយទៀតថា បើទោះបីជាមនុស្សជាច្រើនអាចគិតថា យើងបានបញ្ចប់នូវជំងឺកូវីដ១៩ ក៏ដោយ ក៏ជំងឺនេះ នៅមិនទាន់ចប់ជាមួយយើងនៅឡើយទេ។ យើងកំពុងរស់នៅជាមួយនឹងវដ្ដនៃការភ័យស្លន់ស្លោ និងការធ្វេសប្រហែស។ លទ្ធផលដែលយើងទទួលបានដោយលំបាក អាចត្រូវបាត់បង់ទៅវិញក្នុងពេលតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ ការងារចំពោះមុខបន្ទាន់បំផុតរបស់យើងនៅពេលនេះ គឺការបញ្ចប់ជំងឺឆ្លងរាតត្បាតនេះ»។
ការគំរាមកំហែងនៃវីរុសបំប្លែងថ្មីនេះ បានជំរុញឲ្យសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស អំពាវនាវដល់ពលរដ្ឋពេញវ័យរបស់ខ្លួនទាំងអស់ឱ្យចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ៕
មតិយោបល់