(ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត បានចំណាយថវិកាប្រមាណ ២,០០០,០០០ ដុល្លារអាមេរិក ដើម្បីកសាងផ្លូវប្រវែង២២គីឡូម៉ែត្រនៅខេត្តបន្ទាយមានជ័យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទីនោះ។
ទោះបីជាយ៉ាងណា លោក ខេមរៈ សិរីមន្ត បានគួសបញ្ជាក់ថា ទឹកប្រាក់២,០០០,០០០ ដុល្លារ ជាចំនួនដ៏ច្រើសម្រាប់រូបលោក ជាសិល្បករមួយរូប ប៉ុន្តែការជួយសង្គម និងប្រជាជន ក៏ជាតួនាទីរបស់លោកផងដែរ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។
ខេមរៈ សិរីមន្ត បន្ថែមថា «ការជួយដល់សង្គមជាតិ និង ប្រជាជនយើង គឺជាតួនាទីរបស់យើងទាំងអស់គ្នា។ សម្រាប់ខ្ញុំជាថវិការដ៏ច្រើន តែខ្ញុំរីករាយនឹងរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បី កសាងនូវផ្លូវ និង ប្រឡាយទឹកជួយសម្រួល ដល់ពុកម៉ែបងប្អូនដែលរស់នៅស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋទូទៅតាមអ្វីដែរខ្ញុំអាចធ្វើបាន»។
គេកត់សម្គាល់ឃើញថា តារាចម្រៀង ខេមរៈ សិរីមន្ត តែងតែបានចូលរួមចំណែកជួយដល់សង្គម និងប្រជាជនជារឿយៗនាពេលកន្លងមក តាំងពីលោកមិនទាន់ឈានជើងចូលវិស័យធុរកិច្ចជំនួញមកម្ល៉េះ។ ជាក់ស្ដែងម្សិលមិញនេះ តារាចម្រៀងជួរមុខរូបនេះក៏បានចំណាយថវិកាប្រមាណ ៤,០០០ ដុល្លារតាមរយៈសមាគមសិល្បករខ្មែរឧបត្ថម្ភដល់សិល្បករចាស់ជរាបាត់បង់ទីផ្សារសិល្បៈក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគជាច្រើន ដែលជាការដឹងគុណដល់សិល្បកររៀមច្បង។
ការខិតខំជួយដល់សង្គមរបស់ ខេមរៈ សិរីមន្ត បែបនេះ ក៏មានសាធារណៈមតិបានលើកឡើងថា ប្រហែលជាតារាចម្រៀងល្បីឈ្មោះរូបនេះចង់បានងារឧកញ៉ាដែរហើយមើលទៅ។ ទោះបីជាយ៉ាងណា លោក ខេមរៈ សិរីមន្ត អះអាងថា ការជួយសង្គម និងប្រជាជន ជាឆន្ទៈមនសិការបស់លោកប៉ុណ្ណោះ ស្របពេលជំនួយអចលនទ្រព្យកំពុងដំណើរការបានជោគជ័យបណ្ដើរៗ។ ចំពោះរឿងងារជាឧកញ៉ានោះ លោកពុំបានគិតគួរឡើយ ព្រោះអាស្រ័យលើថ្នាក់ដឹកនាំជាអ្នកសម្រេចប៉ុណ្ណោះ៕
មតិយោបល់