ព័ត៌មានសិល្បៈ និងកម្សាន្ត

ទោះមានកូវី-១៩ តែរឿង “Spiderman: No Way Home” នៅតែគ្រងតំណែងកំពូលលើតារាងចំណូលភាពយន្តក្រោយបញ្ចាំង៤សប្ដាហ៍

(បរទេស)៖ ទោះជាបានចាក់បញ្ចាំងអស់រយ:ពេល៤សប្ដាហ៍ហើយក្ដី ភាពយន្ត “Spiderman” វគ្គថ្មី នៅតែអាចគ្រងតំណែងកំពូលលើតារាងចំណូលភាពយន្តអាមេរិកសម្រាប់ថ្ងៃចុងសប្ដាហ៍។

ភាពយន្តវីរបុរស “Spiderman: No way Home” បានឈរតំណែងកំពូលរយ:ពេល៤សប្ដាហ៍ជាប់ៗគ្នា លើតារាង Box Office អាមេរិក ជាមួយប្រាក់ចំណូល ៣៣លានដុល្លារបន្ថែមសម្រាប់ចុងសប្ដាហ៍ចុងក្រោយ ដែលគិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមករា។ជាមួយប្រាក់ចំណូលនៅអាមេរិកសរុប ៦៦៨លានដុល្លារ ពេលនេះភាពយន្ត “Spiderman: No way Home” បានស្ថិតក្នុងចំណោមភាពយន្តកំពូលទាំង១០ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រភាពយន្ត។

បន្ថែមពីនេះបើគិតពីទីផ្សារសកលជារួម ភាពយន្ត “Spiderman” វគ្គថ្មី នេះអាចស្វែងរកប្រាក់ចំណូលបានសរុប ១,៥៣ពាន់លានដុល្លារ។ ភាពយន្តដែលអាចរកចំណូលនៅចំណាត់ថ្នាក់បន្ទាប់ពី “Spiderman” វគ្គថ្មី ក្នុងអំឡុងចុងសប្ដាហ៍កន្លងទៅ គឺភាពយន្តគំនូរជីវចលបែបកំប្លែងចំណងជើង “Sing 2” (ស៊ីង ធូរ) ដែលអាចរកចំណូលបាន ១២លានដុល្លារពីទីផ្សារក្នុងស្រុក។ បន្ទាប់មកគឺភាពយន្តបែបរន្ធត់ “The 355” (ដឺ ស្រ៊ីហ្វាយហ្វាយ) រកចំណូលបាន ៤,៨លានដុល្លារ និងភាពយន្ត “The King’s man” (ដឺ ឃីងស៍ ម៉េន) រកចំណូលបាន ៣,៣លានដុល្លារ៕

មតិយោបល់