ព័ត៌មានជាតិ

WHO បញ្ជាក់ថាអូមីក្រុង ស្លូតជាងឌែលតា, តែនៅតែអាចបង្កគ្រោះថ្នាក់ដល់អ្នកមិនបានចាក់វ៉ាក់សាំង

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO បាននិយាយថាមេរោគ COVID-19 បំប្លែងថ្មីអូមីក្រុង មិនបង្កឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ដូច ឬខ្លាំងជាងមេរោគបំប្លែងថ្មី Delta នោះទេ ប៉ុន្តែវានៅតែអាចបង្កគ្រោះថ្នាក់ដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការ។

នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅថ្ងៃពុធសប្ដាហ៍នេះ ប្រមុខអង្គការ WHO លោក Tedros Adhanom Ghebreyesus បានឱ្យដឹងទៀតថាបច្ចុប្បន្ន មានប្រទេស ច្រើនជាង៩០ ដែលមិនទាន់សម្រេចបាន ការចាក់វ៉ាក់សាំងបង្ការតាមគោលដៅកំណត់ ដែលតម្រូវឱ្យបានយ៉ាងហោច ៤០ភាគរយនៃប្រជាជនសរុបរបស់ពួកគេនោះទេ ខណៈច្រើនជាង៨៥ភាគរយនៃប្រជាជន នៅក្នុងតំបន់អាហ្វ្រិក នៅមិនទាន់បានចាក់វ៉ាក់សាំង សូម្បីតែមួយដូស។

ប៉ុន្តែ បើតាមលោក Tedros ប្រសិនបើករណីឆ្លងនៅតែបន្តកើនឡើង នោះវាអាចនឹងលេចចេញនូវមេរោគបំប្លែងថ្មីដទៃទៀតជាបន្តបន្ទាប់ ដែលមានភាពកាចសាហាវខ្លាំងជាងអូមីក្រុងក៏ថាបាន ខណៈភាគច្រើននៃអ្នកជំងឺ COVID-19 ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅជុំវិញពិភពលោក គឺជាអ្នកមិនទាន់បានចាក់វ៉ាកសាំងបង្ការ៕

ប្រភព៖ AFP

មតិយោបល់