ព័ត៌មានជាតិ

លោក បៃដិន និងលោក គីស៊ីដា យល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ចំពោះមុខការកើនឡើងឥទ្ធិពលចិន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) បានឯកភាពគ្នានៅក្នុង កិច្ចប្រជុំ លើការពង្រឹងកិច្ចសហប្រតិបត្តិការស្ដីពីសេដ្ឋកិច្ច និងសន្តិសុខ ដើម្បីដោះស្រាយបញ្ហារួមគ្នា ក្នុងនោះរួមមានទាំងការកើនឡើង ឥទ្ធិពលចិន, កម្មវិធីកូរ៉េខាងជើង ព្រមទាំងវិបត្តិ រុស្ស៊ី និងអ៊ុយក្រែន។

ការឯកភាពគ្នារវាងលោក បៃដិន និងលោក គីស៊ីដា ធ្វើឡើងក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដែលជាជំនួបលើកដំបូង ចាប់តាំងពីលោក គីស៊ីដា ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជប៉ុន កាលពីខែតុលាឆ្នាំ២០២១មក និងធ្វើឡើងបន្ទាប់ពី ជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេស និងការពារជាតិនៃប្រទេសទាំង២ នៅក្នុងខែមករានេះ។

បើតាមលោក គីស៊ីដា ជប៉ុននឹងទទួលរៀបចំកិច្ចប្រជុំសន្តិសុខចតុភាគី ឬហៅកាត់ថាក្វាដ (Quad) នៅអំឡុងឆមាសទី១ នៃឆ្នាំ២០២២នេះ ជាមួយការបំពេញទស្សនកិច្ចរបស់លោក បៃដិន មកកាន់ទីក្រុងតូក្យូ។ Quad មានសមាជិកដូចជាសហរដ្ឋអាមេរិក, ជប៉ុន អូស្ត្រាលី និងឥណ្ឌា៕

ប្រភព៖​​​​​​ Reuters

មតិយោបល់