(ភ្នំពេញ)៖ ទីបំផុតអ្នកគ្រប់គ្រងផលិតកម្មហ្គាឡាក់ស៊ី លោក យឹម តាស្រង់ សម្រេចទទួលយកនាយប្រុញឲ្យចូលធ្វើការជាមួយលោកតាមការសន្យាហើយ។ នេះបើតាមការបញ្ជាក់របស់លោក ពេជ្រ ស្រស់ ដែលតែងតែជួយជ្រោមជ្រែងនាយប្រុញ តាមបណ្ដាញសង្គមនៅរសៀលថ្ងៃទី២០ ខែឧសភា នេះ។
លោក ពេជ្រ ស្រស់ និយាយថា អបអរក្មួយប្រុញ ដែលលោក យឹម តាស្រង់ ទទួលឱ្យមកធ្វើការងារជាមួយក្រុមលោក ហើយក៏អរគុណលោកយឹម តាស្រង់ ដែលលោកគោរពនូវពាក្យរបស់លោកបានប្រកាសថានឹងផ្តល់ការងារឱ្យក្មួយប្រុញ ឥឡូវក្មួយប្រុញបានចូលក្រុមការងាររបស់លោកពិតប្រាកដហើយ ហើយក៏ជូនពរក្មួយទៅកន្លែងថ្មីឱ្យរីកចម្រើនទាំងក្មួយ និងរីកចម្រើនទាំងកន្លែងការងារថ្មី។ លោកបន្ថែមថា ជួយមនុស្សជួយឲ្យដល់ត្រើយ កុំបោះបង់គ្នាកណ្ដាលទី។
លោកបញ្ជាក់ថា នៅអំឡុងពេលធ្វើការងារជាមួយលោក យឹម តាស្រង់ នាយប្រុញក៏មានពេលទៅសិក្សា។ លោក ពេជ្រ ស្រស់ បានប្រកាសដំណឹងនេះ ដោយមានភ្ជាប់រូបថតលោក ជាមួយលោក យឹម តាស្រង់ អង្គុយជាមួយនាយប្រញជាច្រើនសន្លឹកទៀតផង។
ទោះជាយ៉ាងណា នៅលើគណនីហ្វេសប៊ុករបស់លោក យឹម តាស្រង់ មិនទាន់ឃើញបង្ហោះសារអ្វីទាក់ទងនឹងនាយប្រុញនៅឡើយ ប៉ុន្ដែកាលពីនាយប្រុញមានរឿងជាមួយ Admind គង់ កាន ភ្លាៗ លោក យឹម តាស្រង់ ប្រកាសទទួលយកនាយប្រុញឲ្យមកធ្វើការងារជាមួយលោកដោយឲ្យប្រាក់ខែ១០០០ដុល្លារ ប៉ុន្ដែកាលណោះក៏មិនបានបញ្ជាក់ថាត្រូវទទួលនាយប្រុញមកក្នុងនាមជាតារាសម្ដែង ឬជាតារាចម្រៀងនោះទេ៕
មតិយោបល់