ភ្នំពេញៈ ជាយូរមកហើយដែលគេកត់សម្គាល់ថា តារាសម្ដែងវ័យក្មេងនាង ម៉ាក់សែន សូនីតា ហៅតូតា មិនសូវមានឱកាសបានសម្ដែងក្នុងរឿងកម្រិតស្ដង់ដារ ដែលមានការទទួលស្គាល់នៅក្នុងភាពយន្តខ្នាតធំ។ ប៉ុន្តែតាមរយៈរឿង «ចន្ទ្រា» ដែលនាងបានសម្ដែងតួឯក អ្នកណាក៏មើលឃើញថា តារាស្រីរូបនេះធ្វើឲ្យផ្អើលមហាជន ដោយសារតែរឿងរបស់នាងសម្ដែង គឺជារឿងខ្នាតធំដែលប្រើទុនខ្ពស់ ហើយបានចេញបញ្ចាំងដល់ប្រទេសថៃ ឡាវ អូស្រ្តាលី និងគ្រោងចេញទៅកាន់ទីផ្សារអាមេរិកទៅទៀត។ នេះជាមោទនភាពធំមួយ ដែលអ្នកណាក៏មួយឃើញថា ស្ងាត់ៗពីការបង្ហាញខ្លួននៅក្នុងរឿងដុំតែមួយរយៈ តែបានបង្ហាញខ្លួនជាថ្មី គឺល្បីមួយក្ដារដូចទឹកបាក់ទំនប់រកតារាមួយចំនួនប្រដេញមិនបានតែម្ដង ជាពិសេសនៅពេលអ្នកណាក៏ដឹងថា ខ្សែរឿងដែលនាងសម្ដែងត្រូវបានទីផ្សារបរទេសទន្ទឹងចាំទស្សនាចាប់ពីកណ្ដាលខែកញ្ញានោះ។
កញ្ញាតូតា និយាយថា នេះជាអ្វីដែលនាងមិនធ្លាប់បានទទួល បើទោះជាពេលកន្លងមកនាងបានថតស្ពតនៅក្នុងប្រទេសថៃ ជាមួយនឹងផលិតករបរទេស។ នាងថា ជាលើកទី១ដែលនាងមានឱកាសសម្ដែងរឿងខ្នាតធំ ហើយរឿងមួយនោះត្រូវបានប្រទេសផ្សេងៗដូចជាថៃ ឡាវ និងអូស្រ្តាលី ទទួលយកទៅបញ្ចាំង។ ក្នុងនោះនាងថា ផលិតករក៏គ្រោងយកទៅបង្អួតនៅក្នុងប្រទេសអាមេរិកនោះផង ទើបនាងយល់ថា បានសម្ដែងក្នុងរឿង«ចន្ទ្រា»មួយក្ឌាំងនេះ គឺបន្សល់ឲ្យនាងនូវកេរ្តិ៍ឈ្មោះខ្លាំង។ នាងថា នៅលើហ្វេសប៊ុក និងពេលទៅសម្ភាសន៍នៅថៃ គឺមានមហាជនជាច្រើនបានកោតសរសើរពីរឿង ដែលនាងបានសម្ដែង អ៊ីចឹងហើយទើបនាងយល់ថា នេះជាស្នាដៃបើកឆាកសម្រាប់ឆ្នាំ២០១៦ ដែលធ្វើឲ្យនាងលេចធ្លោ។
ជាមួយនាងការលើកឡើង គេកត់សម្គាល់ថា តារាសម្ដែងនាងតូតា ពិតជាមានសំណាងខ្ពស់ ដោយសារតែក្នុងចំណោមតួអង្គសំខាន់ៗក្នុងរឿង«ចន្ទ្រា» គឺនាងមានវ័យក្មេងជាងគេ។ ក្នុងនោះរូបសម្រស់របស់តារាស្រីរូបនេះ ក៏ត្រូវគេកត់សម្គាល់ថា ស្អាត និងចេះតែងខ្លួនមិនចាញ់តារាល្បីរបស់ប្រទេសជិតខាងផងដែរ ទើបធ្វើឲ្យស្នាដៃរបស់នាងទទួលបានការសរសើរទាំងក្នុង និងក្រៅប្រទេសជាមួយរឿងដែលបានចំណាយទុនអស់៣០ម៉ឺនដុល្លារមួយនេះ៕
https://youtu.be/X8_g6O3g-CY
មតិយោបល់