វៀតណាមៈ កាលពីយប់ថ្ងៃទី៨ ខែកញ្ញា នៅក្នុងប្រទេសវៀតណាម មានការរៀបចំព្រឹត្តិការណ៍ «រាត្រីកម្ពុជា» យ៉ាងអធិកអធម ដោយមានតារាចម្រៀង និងតារាម៉ូតដែលខ្មែរយ៉ាងច្រើនកុះករចូលរួម។ នេះជាព្រឹត្តិការណ៍ដែលបានធ្វើឡើងរាល់ឆ្នាំក្នុងខែកញ្ញា ក្នុងបំណងផ្សារភ្ជាប់វិស័យទេសចរណ៍ និងវប្បធម៌រវាងកម្ពុជា និងវៀតណាម ដើម្បីឲ្យមានការចាប់អារម្មណ៍លើវិស័យវិនិយោគ និងវិស័យទេសចរណ៍ឲ្យគ្នាទៅវិញទៅមក។
តារាចម្រៀងដែលបានបង្ហាញខ្លួននៅក្នុងពិធីនេះរួមមាន កញ្ញា សុន ស្រីពេជ្រ កញ្ញាសុខ សីឡាលីន អ្នកនាង ប៊ុត កល្យា លោកជិន វឌ្ឍនា និងតារាម៉ូតដែលបានបង្ហាញសម្លៀកបំពាក់បែបខ្មែរជាច្រើនរូបទៀត។
នៅក្នុងពិធីនោះ ក៏មានវត្តមានកីឡាករល្បុកត្តោ និងយុទ្ធក្រមខម ចូលរួមបង្ហាញក្បាច់គុនដើម្បីឲ្យភ្ញៀវបរទេស ជាពិសេសគឺជនជាតិខ្មែរ មានការចាប់អារម្មណ៍ចំពោះសិល្បៈរបស់ខ្មែរផងដែរ។
កញ្ញា សុន ស្រីពេជ្រ បានអះអាងថាការសម្ដែងច្រៀងរាំរបស់តារាខ្មែរទាំងអស់ទទួលបានជោគជ័យ ដោយមានសារព័ត៌មានរបស់វៀតណាមកាន់តែច្រើនបានផ្ដិតយករូបភាពសិល្បៈក្នុងពេលសម្ដែងនោះ ។ ភ្ញៀវបរទេសដែលបានទស្សនាដោយផ្ទាល់ ក៏បានកោតសរសើរចំពោះក្រុមសិល្បៈដែលបានឡើងទៅសម្ដែងទាំងអស់ខុសប្លែកពីឆ្នាំមុនៗផងដែរ។
កញ្ញា និយាយថាការសម្ដែងកាលពីរាត្រីថ្ងៃទី៨ កញ្ញានោះ មានការគាំទ្រយ៉ាងពេញទំហឹងពីបងប្អូនទស្សនា ជាពិសេសគឺភ្ញៀវបរទេស និងជនជាតិខ្មែរដែលរស់នៅក្នុងប្រទេសនោះតែម្ដង ។ ដូច្នេះហើយ ទើបកញ្ញាយល់ថា ការសម្ដែងសិល្បៈលើកនេះ នឹងធ្វើឲ្យភ្ញៀវវៀតណាម និងជនបរទេសដែលបានទៅកម្សាន្តនៅវៀតណាម នឹងចុះមកលេងកម្ពុជាកាន់តែច្រើន។ កញ្ញាបានបន្តថា ក្រុមសិល្បៈទាំងអស់នឹងវិលត្រលប់មកដល់ប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែកញ្ញានេះ បន្ទាប់ពីការសម្ដែងទទួលបានជោគជ័យ ៕
មតិយោបល់