ភ្នំពេញៈ មកទល់ពេលនេះខ្សែរឿង«ចន្ទ្រា»បានធ្វើឲ្យមានការកត់សម្គាល់យ៉ាងខ្លាំងក្នុងស្រទាប់មហាជនទាំងនៅកម្ពុជា និងថៃ ក្រោយពីធ្វើសន្និសីទប្រកាសបញ្ចាំងផ្លូវការ។ តួអង្គសំខាន់ៗរួមមានកញ្ញា តូតា និងចន ច័ន្ទលក្ខិណា ត្រូវគេកត់សម្គាល់ថាបានទទួលភាពលេចធ្លោយ៉ាងខ្លាំងតាមរយៈរឿងនេះ។ យ៉ាងណាមិញ សម្រាប់អ្នកនាងយុគ ចិន្តា ដែលជាពិធីការិនីវិញ បើទោះជាមិនត្រូវបានផលិតករអញ្ជើញឲ្យចូលសម្ដែង ក៏មានឈ្មោះ និងមានមុខនៅក្នុងសាច់រឿង«ចន្ទ្រា»នេះ ដោយមិនដឹងខ្លួនដែរ។
អ្នកនាងយុគ ចិន្តា បានអះអាងថាខ្លួនភ្ញាក់ផ្អើលនៅពេលឈុតឆាករបស់រឿងនេះបានរំលេចពីមុខមាត់ និងកេរ្តិ៍ឈ្មោះរបស់ខ្លួន ធ្វើឲ្យអ្នកនាងហួសចិត្ត។ អ្នកនាងនិយាយថា មិនធ្លាប់គិតថានឹងមានមុខនៅក្នុងភាពយន្តខ្នាតធំ ឬកុនភាគនោះទេ។ អញ្ចឹងហើយទើបនាងយល់ថាផលិតករមានបំណងធ្វើឲ្យអ្នកនាងភ្ញាក់ផ្អើល នៅពេលរឿងដែលកំពុងកន្ទ្រាក់អារម្មណ៍អ្នកចូលចិត្តភាពយន្តខ្មែរមួយនេះស្រាប់តែមានអ្នកនាងទៅពាក់ព័ន្ធនៅក្នុងកុននោះដែរ។
យោងតាមសាច់រឿង អ្នកនាងយុគ ចិន្តា មិនបានដើរតួដូចគ្នានឹងតួអង្គក្នុងរឿង«ចន្ទ្រា»នោះទេ ប៉ុន្តែនៅត្រង់ឈុតមួយគឺបុរសម្នាក់បានប្រកាសសម្លាប់ខ្លួន ដោយសារតែតាមស្រឡាញ់អ្នកនាងហើយត្រូវអ្នកនាងមិនអើរពើ។ ក្នុងពេលតួអង្គបុរសនោះបានប្រកាសសម្លាប់ខ្លួន គឺអ្នកនិពន្ធមិនបានបង្ហាញថានារីណាម្នាក់ដែលធ្វើឲ្យគេខូចចិត្តនោះទេ ប៉ុន្តែនៅពេលតួអង្គលោកញ៉ែម សុគន្ធ និយាយទូន្មានឲ្យបុរសនោះឈប់ចង់សម្លាប់ខ្លួន ទើបអ្នកនិពន្ធទម្លាយថានារីដែលបុរសនោះស្រឡាញ់ងប់រហូតចង់ស្លាប់ព្រោះតែមិនបាន គឺជាអ្នកនាងយុគ ចិន្តា។ រូបថតមួយសន្លឹករបស់អ្នកនាងក៏ត្រូវគេបុរសនោះកាន់ជាប់ ហើយត្រូវបង្ហាញនៅលើផ្ទាំងអេក្រង់ភាពយន្តខ្នាតធំ ធ្វើឲ្យអ្នកទស្សនាសើចចង់ចុកពោះ ព្រោះតែបុរសដែលស្រឡាញ់អ្នកនាងក៏ជាបុរសមិនសូវស្អាតបាតនោះ។
អ្នកនាងយុគ ចិន្តា បានហួសចិត្តដោយការភ្ញាក់ផ្អើល និងថាជាលើកទី១ហើយដែលអ្នកនាងមានមុខនៅក្នុងភាពយន្តខ្នាតធំ តែមានមុខជាសន្លឹករូបថត និងឈ្មោះពិត ដែលធ្វើឲ្យមហាជនក៏អស់សំណើច។ អ្នកនាងនិយាយថាខ្លួនក៏ចង់សម្ដែងភាពយន្តផងដែរ ប៉ុន្តែមកពីគ្មានពេល និងគ្មានទេពកោសល្យខាងសម្ដែងទើបអត់ហ៊ានប្រឡូក។ យ៉ាងណាមិញ តាមរយៈរឿង«ចន្ទ្រា» អ្នកនាងប្រាប់ថាគឺបានលេចមុខមួយប្លង់នឹងគេដែរ ដោយអ្នកនាងក៏ទើបតែដឹងពេលបានចូលទស្សនា ៕
មតិយោបល់