ភ្នំពេញៈ ខុសពីតារាភាគច្រើនដែលបើកអាជីពជាហាងធំដុំ និងខ្លះបើកលក់ផលិតផលថែរក្សាសម្រស់នៅតាមប្រព័ន្ធអនឡាន សម្រាប់តារាសម្ដែង កញ្ញា ចាន់ ស្រីរ័ត្ន បែរជាបើកជំនួញរបស់ខ្លួនតាមរយៈអនឡាញដូចគ្នា តែជាមុខរបរលក់ទឹកល្ពៅដែលច្នៃដោយកូនសិប្បកម្មវរបស់ខ្លួនទៅវិញ។ នាងបានពង្រឹងការផ្សព្វផ្សាយនៅលើគណនេយ្យហ្វេសប៊ុក និងក្នុងគ្រុប«គ្រួសារតារាកម្ពុជា»យ៉ាងខ្លាំងជាមួយនឹងអាជីវកម្មប្លែកពីតារាផ្សេងនេះ។
កញ្ញានិយាយថា ដោយសារតែក្រុមគ្រួសាររបស់នាងចេះធ្វើទឹកល្ពៅដោយដៃរបស់ខ្លួន និងដោយសារតែចង់ចែកចាយនូវទឹកល្ពៅធម្មជាតិ ដើម្បីជួយពង្រីកទីផ្សារល្ពៅខ្មែរនោះផង ទើបនាង និងក្រុមគ្រួសារសម្រាប់ដាក់ទុនប្រកបអាជីវកម្មនេះ។ យ៉ាងណាមិញ នាងថាមិនមានការតាំងលក់ជាហាង ឬលក់ជាលក្ខណៈធំដោយផ្ទាល់នៅផ្ទះរបស់នាងនៅម្ដុំផ្សារអូរឫស្សីនោះទេ គឺនាងធ្វើសម្រាប់តែលក់បំពេញតាមការកុម្ម៉ង់របស់អ្នកទទួលទានតាមរយៈហ្វេសប៊ុក និងតាមរយៈការឃោសនានៅក្នុងគ្រុប«គ្រួសារតារាកម្ពុជា» ដែលនាងក៏ជាសមាជិករបស់គ្រុបមួយនេះប៉ុណ្ណោះ។
នាងថាទឹកល្ពៅរបស់ខ្លួនជាប្រភេទទឹកល្ពៅដែលមានសភាពខាប់ និងមានរសជាតិពីធម្មជាតិដោយគ្មានលាយលំសារជាតិគីមី ខុសពីទឹកល្ពៅតាមផ្សារ ហើយដោយសារតែនាងក៏មានបំណងចង់ជួយលើកស្ទួយផលិតផលល្ពៅរបស់ប្រជាកសិករឲ្យមានហាងឆេងផង ទើបនាងសម្រេចចិត្តបើកជំនួញ។ ក្នុងនោះនាងប្រកាសយកទៅឲ្យដោយផ្ទាល់ទៅដល់កន្លែងសម្រាប់អ្នកទិញចាប់ពី៥ដបឡើងទៅផងដែរ ដើម្បីឲ្យរសជាតិរបស់ផលិតផលខ្លួនមានអ្នកស្គាល់ច្រើន។
នាងនិយាយថា«មុខរបរនឹងខ្ញុំអត់មានកន្លែងលក់អីទេ គឺលុះតែមានការកុម្ម៉ង់ទើបខ្ញុំធ្វើ អញ្ចឹងហើយទើបខ្ញុំប្រើហ្វេសប៊ុកចែកចាយដំណឹង និងផ្សព្វផ្សាយក្នុងគ្រុប(គ្រួសារតារាកម្ពុជា)!»។ នាងថាមិនមានអារម្មណ៍ខ្លាចអ្នកណាសើចយំរឿងជំនួញអនឡាញយ៉ាងសាមញ្ញនេះទេ ដោយសារតែនាងយល់ថាមុខរបស់ខ្លួនបើមានទីផ្សារជាងនេះ ក៏នឹងអាចបោះម៉ូយយ៉ាងស្រួលតាមហាង តាមផ្សារ និងតាមការកុម្ម៉ង់ផ្សេងៗ ដែលអាចជួយដល់ទីផ្សារល្ពៅរបស់កសិករបានហាងឆេងដូចគ្នា។
គួរបញ្ជាក់ថា ចាន់ ស្រីរ័ត្ន គឺជាតារាម្នាក់ម្នាក់ក្នុងគ្រុប«គ្រួសារតារាកម្ពុជា» ដែលជាក្រុមប្រមូលផ្ដុំដោយតារាសិល្បៈធំមួយនៅក្នុងប្រទេសកម្ពុជា។ កញ្ញាក៏ជាតារាសម្ដែង និងជាតារាម៉ូដែលដែលបានទទួលកិត្តិយសក្នុងពិធីដើរលើកម្រាលព្រំ និងប្រគុំតន្ត្រីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកាលពីថ្ងៃទី១៧ កញ្ញាផងដែរ បើទោះជាព្រឹត្តិការណ៍នេះត្រូវរំខានដោយភ្លៀងដែលបណ្ដាលឲ្យការបង្អួតរូបសម្រស់របស់តារាល្បីនៅលើកម្រាលព្រំត្រូវរអាក់រអួល ៕

























មតិយោបល់