ភ្នំពេញៈ គេថាក្រោយភ្លៀងមេឃស្រឡះ អ្វីៗត្រូវបានបញ្ចប់ ភាពខ្មៅកករទាំងឡាយលែងជាកង្វល់ រឿងនេះជាក់ស្តែងសម្រាប់សំ ប៉ូលីដា គឺវិលមករកភាពប្រក្រតីជាធម្មតា បើទោះបីជាស្ថានភាពបញ្ហាបាក់ជើងរបស់នាងមិនទាន់ជាទាំងស្រុងក្តី ។
កាលពីដើមខែ សីហា ឆ្នាំ២០១៦ នេះ តារាកំប្លែង និងចម្រៀង អ្នកនាង សំ ប៉ូលីដា បានជួបនូវបញ្ហាបាក់ជើង រហូតដល់ថ្នាក់ត្រូវប៉ង់ស៊ីម៉ង់តិ៍ ជើង ដេកលើគ្រែដល់ពេលបច្ចុប្បន្ននេះ ។
ជុំវិញរឿង បាក់ជើងនេះ សំ ប៉ូលីដា បានជួបនូវព្យុះព័ត៌មានជាច្រើន លើកពីហេតុផលនេះ ពីហេតុផលនោះ លើបញ្ហាមួយនេះ របស់នាង ។
តែទោះជាយ៉ាងណាក្តី ក្រោយភ្លៀងមេឃស្រឡះ អ្វីក៏ដាច់ស្រាច់ សល់តែរបួស ដែលជាប់នឹងខ្លួនប្រាណ ដែលមិនទាន់នឹងជាសះស្បើយ ទាំងស្រុងតែប៉ុណ្ណោះ ខណៈដែលមុខមាត់ បាត់ស្នាមដំបៅ សាច់ឈាមវិលមករកភាពស្រស់ថ្លា ។
សំ ប៉ូលីដា បានប្រាប់ Post News ដោយផ្ទាល់ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ឲ្យដឹងថា ស្ថានភាពជំងឺរបស់នាងជិតវិលមករកភាពប្រក្រតីវិញហើយ ដោយកន្លះខែទៀត ខាងពេទ្យឲ្យកាត់ ប៉ង់ស៊ីម៉ង់តិ៍ ពីលើក្បាលជង្គង់ដល់កំភួនជើង ហើយក៏ត្រូវរៀនដើរ ឡើងវិញ ។
សំ ប៉ូលីដា ថា«បើទោះបីជា ជំងឺខ្ញុំ រាងជាសះស្បើយ បន្តិចមែន តែវាឈឺចាប់ម្តងម្កាល ស្របពេលស្ថានភាពត្រជាក់» ៕
មតិយោបល់