ព័ត៌មានសិល្បៈ និងកម្សាន្ត

សន វិជ្ជបុត្រ ប្រកាសទិញស្រូវ២តោន កិនជាអង្ករចែកអ្នកក្រ

ភ្នំពេញៈ ខណៈដែលមហាជនកាន់តែច្រើន បានរួបរួមគ្នាជួយទិញផលិតផលស្រូវ ពីក្រុមកសិករ ដែលរងគ្រោះព្រោះតែស្រូវធ្លាក់ថ្លៃ នៅទូទាំងកម្ពុជានោះ តារាចម្រៀងប្រចាំ ផលិតកម្ម M លោក សន វិជ្ជបុត្រ ដែលជាសមាជិកមួយរូបក្នុងGroup «គ្រួសារតារាកម្ពុជា» ក៏បានប្រកាសជួយទិញស្រូវចំនួន២តោន ពីកសិករផងដែរ ដើម្បីកិនជាអង្ករ ដើរចែកទុរគតជនវិញ ។

លោកប្រកាសថាលោកបានក្លាយជា ចលករជួយសង្គ្រោះយ៉ាងសំខាន់ ខណៈដែលបញ្ហា ស្រូវធ្លាក់ថ្លៃ ចាប់ផ្ដើមកើតឡើង ព្រោះតែឈ្មួញវៀតណាម សម្រុកនាំអង្ករកម្ពុជាខ្លាំងពេក ធ្វើបណ្ដារោងម៉ាស៊ីនសម្រេចចិត្តផ្អាក និងកាត់បន្ថយការទិញស្រូវ ព្រោះតែក្រោយ ពេលកិនជាអង្ករ ក៏គ្មានអ្នកកុម្ម៉ង់ ព្រោះតែម្ចាស់ហាងអង្ករធំៗ ងាកទៅទិញអង្ករនាំចូល ពីវៀតណាមច្រើនជាង។
លោក សន វិជ្ជបុត្រ បានអះអាងថា លោកសម្រេចចិត្តចំណាយប្រាក់ទិញស្រូវ ចំនួន២តោន ជួយសម្រួលនូវការលំបាក របស់កសិករនៅ ក្នុងកាលៈទេសៈនេះ។ ទន្ទឹមនឹងនោះដែរ លោកទទូចឲ្យមានចលនា ជួយទិញស្រូវបែបនេះ ពីក្រុមកសិករផងដែរ ដើម្បីកុំឲ្យកសិករ មានវិបត្តិរឿងស្រូវធ្លាក់ថ្លៃ ហើយបន្តធ្វើចំណាកស្រុក នាំឲ្យអាជីវកម្ម ស្រែចម្ការត្រូវបានគេបោះបង់ចោល ។ តារាដែលត្រូវគេឃើញមានភាពសកម្ម ក្នុងការបង្កើតមូលនិធិ ជួយដល់កុមារកំព្រា ជនពិកា ជនអនាថា និងសិល្បករចាស់ៗ រាប់មិនអស់រូបនេះបន្តថា ស្រូវចំនួន២តោន ដែលលោកប្រកាសទិញ គឺលោកនឹងទិញពី កសិករ នៅខេត្តព្រៃវែង ដោយសារតែពលរដ្ឋ នៅក្នុងតំបន់នោះភាគច្រើន ប្រឈមខ្លាំងនឹងរឿង បំណុលធនាគារ។ លោកថា ការបរិច្ចាគរបស់ខ្លួន គ្រាន់តែជាចំណែកតូចប៉ុណ្ណោះ ប៉ុន្តែលទ្ធផលដែលបាន ត្រលប់មកវិញ គឺបានពញាក់អារម្មណ៍ឲ្យមានចលនាជួយដូចគ្នានេះ កាន់តែខ្លាំងពីសំណាក់ពលរដ្ឋ ដែលមានប្រាក់កាសច្រើន នៅក្នុងប្រទេសឲ្យចូលរួមដែរ ។
លោកថានឹងយកថវិកា ដែលទទួលបានពីការឡើង ច្រៀងនៅប៉ុស្ដិ៍ទូរទស្សន៍ នៅសប្ដាហ៍នេះ ទៅទិញស្រូវពីកសិករ នៅដើមសប្ដាហ៍ក្រោយ ដោយជាគម្រោងលោកនឹងកិនជាអង្ករ ហើយយកទៅចែកដោយផ្ទាល់ដៃជូនចាស់ៗ និងពលរដ្ឋក្រីក្រ នៅស្រុកបាភ្នំ ក្នុងខេត្តព្រៃវែង ដែលមានជីវភាពខ្វះខាតផងដែរ។ បន្ថែមពីលើអង្ករ លោកក៏ត្រៀមសម្ភារៈ ថវិកា សារ៉ុង ឬក្រមា សម្រាប់ចែកជំនួសឲ្យការធ្វើបុណ្យ នៅក្នុងបង្វែរមកជាការដាក់ទាន នៅក្នុងថ្ងៃនោះ។
ការប្រកាសរបស់លោកបានធ្វើឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ហើយក៏មានការសរសើរ ចំពោះទង្វើជាគំរូនេះដែរ ជាពិសេស នៅក្នុងចំណោមតារាសិល្បៈល្បីៗ គឺលោកសន វិជ្ជបុត្រ ត្រូវស្គាល់ខ្លាំង តាមរយៈសកម្មភាពសប្បុរសធម៌ និងការឈឺឆ្អាល ដល់សង្គមបែបនេះ៕

 

សនវិជ្ជបុត្រ16 សនវិជ្ជបុត្រ សនវិជ្ជបុត្រ1 សនវិជ្ជបុត្រ2 សនវិជ្ជបុត្រ3 សនវិជ្ជបុត្រ4 សនវិជ្ជបុត្រ5 សនវិជ្ជបុត្រ6 សនវិជ្ជបុត្រ8 សនវិជ្ជបុត្រ8 សនវិជ្ជបុត្រ9 សនវិជ្ជបុត្រ10 សនវិជ្ជបុត្រ11 សនវិជ្ជបុត្រ12 សនវិជ្ជបុត្រ13 សនវិជ្ជបុត្រ14 សនវិជ្ជបុត្រ15

មតិយោបល់