ភ្នំពេញៈ នៅវេលាម៉ោង២រសៀល ថ្ងៃទី២៧ ខែកក្កដានេះ ក្រុមគ្រួសារលោក គង់ ប៊ុនឈឿន នឹងប្រារព្ធពិធីបុណ្យ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសល្យជូនលោក គង្គ ប៊ុនឈឿន ដោយរំពឹងថា នឹងមានអ្នកចូលកុះករ ជាពិសេសអ្នកចង់រំឭកដល់ស្នាដៃរបស់លោក គង្គ ប៊ុនឈឿន ផ្ទាល់តែម្ដង។ តារាសិល្បៈក៏ត្រូវបានរំពឹងថា នឹងបង្ហាញខ្លួននៅល្ងាចថ្ងៃនេះ ដើម្បីបង្ហាញពីការចូលរួមផងដែរ។
លោក មុត ថារី កូនប្រសារលោក គង្គ ប៊ុនឈឿន បានថ្លែងប្រាប់ថា ពិធីគម្រប់ខួប១០០ថ្ងៃថ្ងៃនេះ គឺលោកមិនទាន់បានកំណត់ពីចំនួនតុនៅឡើយទេ ប៉ុន្តែតាមការអញ្ជើញដោយសំបុត្រផង និងបានប្រកាសនៅលើហ្វេសប៊ុក ហើយមានអ្នកប្រកាសថា ចូលរួមផង គឺលោកប៉ាន់ស្មានថា នឹងមានច្រើនតុ។ លោកថា ពិធីបុណ្យនឹងធ្វើនៅក្នុងបុរីវិមានភ្នំពេញ ស្ថិតនៅផ្ទះលេខ៩១D ផ្លូវលេខ៣៥២ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកថា ពិធីបុណ្យនេះ នឹងផ្ដើមទទួលភ្ញៀវចាប់ពីម៉ោង២រសៀល ដោយមានព្រះសង្ឃទេសនា និងមានពិធីគោរពវិញ្ញាណក្ខន្ធចំពោះលោក គង្គ ប៊ុនឈឿន នោះផង។ លោកថា តារាជើងចាស់ ដែលរួមមានអ្នកនិពន្ធ អ្នកដឹកនាំរឿង និងតារាដែលធ្លាប់ស្គាល់ឪពុកក្មេករបស់លោក នឹងបង្ហាញខ្លួននៅល្ងាចនេះច្រើន ដោយសារតែលោកបានអញ្ជើញសំបុត្ររួចហើយ។
ប៉ុន្តែសម្រាប់តារាសិល្បៈក្មេងៗ ដែលជាតារាជំនាន់ក្រោយ គឺលោកមិនច្បាស់ថា នឹងមកចូលរួម ឬយ៉ាងណានោះទេ ដោយគ្រាន់តែមានការរំពឹងថា មកចូលរួម ដើម្បីបង្ហាញពីកម្លាំងសាមគ្គី និងដឹងគុណដល់ស្នាដៃរបស់លោក គង្គ ប៊ុនឈឿន នៅក្នុងឱកាសនេះ។ លោក មុត ថារី និយាយថា «តារាចាស់ៗ ដូចជាតន្ត្រីករ អ្នកដឹកនាំរឿងយើងអញ្ជើញច្រើន ប៉ុន្តែតារាក្មេងៗ យើងអត់ហ៊ានអញ្ជើញទេ ដោយសារតែខ្ញុំអត់មានទំនាក់ទំនង ប៉ុន្តែខ្ញុំចង់ឲ្យបុណ្យ១០០ថ្ងៃនេះ គឺមានតារាសិល្បៈឲ្យច្រើនកុះករចូលរួម បើទោះជាមានអី អត់អីក៏ដោយ!»។ លោកទទូចឲ្យតារាទាំងអស់បង្ហាញការសាមគ្គីសម្រាប់លោក គង្គ ប៊ុនឈឿន ដោយសារតែពេលកន្លងមក គឺឪពុកក្មេករបស់លោកបានលះបង់ច្រើន និងបានបន្សល់ស្នាដៃទាំងការនិពន្ធរឿង ផលិតភាពយន្ត និងបទចម្រៀង។
ពាក់ព័ន្ធនឹងគម្រោងតម្កល់ធាតុរបស់លោក គង្គ ប៊ុនឈឿន វិញ លោក មុត ថារី បញ្ជាក់ថា នៅមិនទាន់ច្បាស់លាស់ពីពេលវេលានៅឡើយទេ ដោយលោកបញ្ជាក់ថា រហូតទាល់តែបុណ្យ១០០ថ្ងៃ ត្រូវបញ្ចប់ ទើបការពិភាក្សាពីបញ្ហានេះ ត្រូវបានសម្រេច។ លោកថា បន្ទាប់ពីកម្មវិធីទទួលភ្ញៀវល្ងាចនេះ ក៏មានពិធីប្រគេនយាគូដល់ព្រះសង្ឃ និងមានពិធីប្រារព្ធនមស្សកា ជាកិច្ចបង្ហើយបុណ្យនៅព្រឹកថ្ងៃស្អែកមួយព្រឹកទៀតផងដែរ៕
មតិយោបល់