ភ្នំពេញៈ ខណៈដែលមហាជនភាគច្រើនយល់ថាហេតុផលដែលប៉ែន ចំរ៉ុង មិនហ៊ានទៅមើលមុខកូនស្រីរបស់ខ្លួនក្នុងមន្ទីរពេទ្យ គឺដោយសារតែហេតុផល មិនចង់ប្រឈមនឹងឪពុករបស់ភិន សុដាលីសនោះ លោកអ៉ិន បានអះអាងថា «លោកអត់មានផែនការបិទផ្លូវចំពោះរឿងប៉ែន ចំរ៉ុង ចង់ឃើញមុខកូនឡើយ»។ យ៉ាងណាមិញ លោកថាមិនមានជំនឿចិត្តច្រើនទេ ថាប៉ែន ចំរ៉ុង ហ៊ានប្រឈមចំពោះភិន សុដាលីស ហើយហ៑ានមកមើលកូនស្រី នៅក្នុងមន្ទីរពេទ្យដោយផ្ទាល់។
ឆ្លើយតបចំពោះសំណួរថា បើប៉ែន ចំរ៉ុង ចូលទៅមើលកូនស្រីរបស់ភិន សុដាលីសដល់មន្ទីរពេទ្យ តើលោកនឹងគិតយ៉ាងណា? លោកអ៉ិន ជាឪពុករបស់ភិន សុដាលីស បានអះអាងថា« ចំពោះរឿងនោះគឺលោកមិនមានអារម្មណ៍ចម្លែក ឬត្រូវដើរតួជាបុគ្គលចម្រូងចម្រាស់នាំឲ្យខ្មាស់អ្នកណានៅពេទ្យនោះទេ»។ លោកថា «ប៉ែន ចំរ៉ុង មកឬមិនមក គឺជាសិទ្ធិរបស់គេ ហើយរូបលោកផ្ទាល់អត់មានសិទ្ធិជំទាស់ ឬបិទផ្លូវការណាមួយនោះឡើយ»។ លោកនិយាយថា«ខ្ញុំអត់មានបិទសិទ្ធិអីទេ ! រឿងចំរ៉ុងមក ឬមិនមក! វាជារឿងរបស់គេ! ហើយបើចង់ដឹងថាចំរ៉ុងវាអាចមក ឬមិនមក ទាល់តែសួរចំរ៉ុងខ្លួនឯងបានដឹង បើខ្ញុំអត់ដឹង!»។
ចម្លើយរបស់លោកគឺបន្ទាប់ពីមានប្រភពកាន់តែច្រើន បានអះអាងថា លោក ប៉ែន ចំរ៉ុង មានចិត្តក្ដុកក្ដួល និងចង់ឃើញមុខកូនស្រីរបស់ខ្លួនដោយផ្ទាល់ដល់មន្ទីរពេទ្យ ប៉ុន្តែមកពីមិនហ៊ានមក ព្រោះខ្លាចផ្ទុះជម្លោះជាមួយលោក អ៉ិន ទើបសុខចិត្តអត់ទៅ។ ពួកគេបន្តថា ប៉ែន ចំរ៉ុង ភ័យខ្លាចវត្តមានរបស់គេប្រែក្លាយជាសំឡេងឡូឡា ជាជម្លោះ និងឈានដល់អំពើហិង្សា ទើបរក្សាភាពស្ងប់ស្ងាត់។ ប្រភពមួយចំនួនបានអះអាងថា ប៉ែន ចំរ៉ុង មិនខ្លាចប្រឈមជាមួយភិន សុដាលីស ជាអតីតភរិយានោះទេ ប៉ុន្តែលោកមិនហ៊ានប្រឈមមុខនឹងអតីតឪពុកក្មេក ទើបបំណងចង់ឃើញមុខកូនស្រីក្រោយការវះកាត់សម្រាល មិនអាចធ្វើទៅបាន។ យ៉ាងណាមិញ គេចាត់ទុកថាសម្ដីប៉ុន្មានម៉ាត់របស់ឪពុកភិន សុដាលីស មានន័យគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា«លោកមិនមានគម្រោងបិទបាំង ឬដើរតួជាជនបង្កជម្លោះ នៅពេលលោកប៉ែន ចំរ៉ុង បង្ហាញខ្លួន»។ នេះជាសារថ្មីមួយសម្រាប់លោកប៉ែន ចំរ៉ុង ដែលត្រូវគេអះអាងថា មិនហ៑ានទៅឃើញមុខកូន ព្រោះតែភ័យនោះ។ ម្យ៉ាងផ្អែកតាមសាលក្រមតុលាការ គឺតុលាការបានកំណត់ឲ្យប៉ែន ចំរ៉ុង មានសិទ្ធិចេញចូលមើលកូន ដោយមិនឲ្យមានការរំខាន ប៉ះពាល់កិត្តិយសរបស់លោក ប៉ែន ចំរ៉ុង នោះផង ទើបការបើកទ្វាររបស់លោក អ៉ិន ត្រូវគេមើលឃើញថាគឺជារឿងស្របច្បាប់ ដែលភាគីខាង ប៉ែន ចំរ៉ុង ត្រូវតែទទួលបាន។
គួរបញ្ជាក់ថាមុនពេលភិន សុដាលីស សម្រាលកូន លោកអ៉ិន ធ្លាប់បានពន្លយថា«ឲ្យតែឃើញ មុខ ប៉ែន ចំរ៉ុង ត្រង់ណានឹងដេញទាត់ត្រង់កន្លែងនឹង»។ ប៉ុន្តែនៅពេលចោទសួរពាក់ព័ន្ធនឹងបញ្ហានេះខាងលើ លោកថា«ខ្លួនមិនយកដៃពាល់លោកប៉ែន ចំរ៉ុង នាំឲ្យស្អុយឈ្មោះនោះទេ ដោយសារតែមានមហាជនធ្វើការថ្កោលទោសជំនួសលោករួចទៅហើយ»។ ផលិតករ«មហាហង្ស»រូបនេះនិយាយថា«ប៉ែន ចំរ៉ុង ចង់មក ឬមិនមក(មើលកូន)ជារឿងរបស់វា ខ្ញុំអត់យកដៃប្រឡាក់ទេកុំភ័យ ខ្ញុំនិយាយត្រង់តែមុខខ្ញុំមិនមើលផង ខ្ញុំទៅធ្វើស្អី!»។ ទោះយ៉ាងនេះក្ដី ក៏លោកបញ្ជាក់ថាទង្វើរបស់ប៉ែន ចំរ៉ុង ដែលធ្វើចំពោះភិន សុដាលីស និងបានប្រើសម្ដីថាកូនក្នុងផ្ទៃរបស់ដាលីស មិនច្បាស់ថាជាឈាមរបស់ខ្លួននៅមុខតុលាការ គឺមិនគួរលេចមុខមកទទួលស្គាល់កូន នាំឲ្យអ្នកឃើញវត្តមានរបស់លោកឈឺចាប់នោះឡើយ។
ងាកទៅប៉ែន ចំរ៉ុង ឯណេះវិញ នៅតែមិនលើកលេខប្លែក និងមិនអាចសុំការបំភ្លឺពីជំហរដែលថាលោកចង់ទៅមើលមុខកូនស្រីតែខ្លាចលោកអ៉ិន តាមការលើកឡើងរបស់អ្នកសិល្បៈជិតដិតនៅឡើយទេមកទល់ពេលនេះ៕
មតិយោបល់