ព័ត៌មានសិល្បៈ និងកម្សាន្ត

សាវិន ហ្វីលីព៖ ២សប្តាហ៍ទៀត ទារិកា​មីមី មើលលែងឃើញទ្វីបលោក សូមលោក ហុង ពីវ ជួយផង​

តារាសម្តែង សាវិន ហ្វីលីព បានធ្វើការស្នើសូមដល់ លោកឧកញ៉ា ហុង ពីវ ឲ្យជួយដល់ទារិកា មីមី ដែល ប្រស្រីភ្នែកឡើងបាយ ប្រឈមនឹងមើលទ្វីបលោកនេះលែងឃើញ ខណៈសល់២សប្តាហ៍ទៀតតែប៉ុណ្ណោះក្នុងការព្យាបាល។

សាវិន ហ្វីលីព បានសរសេរនៅលើហ្វេសប៊ុកខ្លួនថា ជូនចំពោះ លោកឧកញ៉ា ហុង ពីវ ខ្ញុំមានការគោរពកោតស្ញប់ស្ញែងចំពោះទឹកចិត្តសប្បុរសធម៍របស់លោកយ៉ាងខ្លាំងនាពេលថ្មីៗនេះ សូមលោកអាណិតមេត្តាជួយបរិច្ចាកថវិការសង្រ្គោះដល់កែវភ្នែកទារិកា ប្រស្រីភ្នែកឡើងបាយនេះផង នាងមានឈ្មោះ ធឿន មីមី មានអាយុ ២ខែ ជាកូនទី២ ក្នុងគ្រួសារក្រីក្រ នៅស្រុកបាទី ខេត្ត តាកែវ ។
តារាសម្តែងខាងលើបានបន្តថា ឪពុកនាងជាកម្មករចុះទូកនៅថៃ ទាំងមិនទាន់បានមើលមុខកូនផង។ ថ្មីៗនេះទារិកា អភ័ព្វកំពុងទទួលការពិនិត្យដោយវេជ្ជបណ្ឌិតឯកទេសភ្នែកនៅមន្ទីពេទ្យកុមារអង្គរ(សៀមរាប) ហើយពេទ្យប្រាប់ថា រយៈពេលដែលអាចព្យាបាលទារិកា ឱ្យភ្លឺភ្នែកនៅមានរយៈពេលត្រឹមតែ ២សប្តាហ៍ទៀតប៉ុណ្ណោះ ។

តារាដែលចូលសម្តែងក្នុងរឿង«មុនដំបូងគេសម្លាប់ឪពុកខ្ញុំ» របស់អ្នកស្រី អេនជេលីណា ជូលី បានបន្តទៀតថាដែលការសង្គ្រោះគឺមានតែវះកាត់ដូរកែវភ្នែកនិងត្រូវទិញកែវភ្នែកដូរម្ខាងតម្លៃ1800$ តែគាត់មិនមានលទ្ធភាពទេ..ថ្ងៃនេះម្ដាយនិងទារិកានេះបានត្រលប់ទៅភ្នំពេញវិញហើយ សូមសប្បុរសជនទាំងអស់មេត្តារួមគ្នាជួយសង្រ្គោះទារិកាកំសត់នេះឲ្យមើលឃើញពិភពលោកនេះផង ដោយក្ដីរាប់អាន សាវិន ហ្វីលីព , ស្ថាបនិកមូលនិធិកុមារសាវិនកម្ពុជា ។
លោក សាវិន ហ្វីលីព បានប្រាប់ Post News ថា«លោកមានការរំពឹងទុកខ្ពស់ចំពោះលោក ឧកញ៉ា ហុង ពីវ ដោយលោកនឹងជួយស្រោចស្រង់ជីវិត ទារិកាម្នាក់នេះ ឲ្យឃើញទ្វីបលោកនេះ»
តួប្រុសក្នុងរឿង JailBreak បានបញ្ជាក់ថា សម្រាប់មូលនិធិកុមារសាវិនកម្ពុជា មិនអាចរកថវិកាភ្លាមៗជួយដល់ ទារិកាខាងលើនោះទេ ចឹងហើយ លោកដាច់ចិត្តធ្វើការស្នើសូមដល់ លោកឧកញ៉ា ហុង ពីវ ជួយដល់នាង ហើយសង្ឈឹមយ៉ាងមុតមាំលោកនឹងជួយ ៕
savin-philip

មតិយោបល់