តៃវ៉ាន់ៈ Galaxy Note 7 ថ្មីរបស់ក្រុមហ៊ុន Samsung ប្រហែលជាមានបញ្ហាថ្ម ដូចម៉ូដែលចាស់ ព្រោះថា ក្រោយពីប្ដូរថ្មីហើយ នៅកើតមានករណីផ្ទុះឆេះដដែល ដែលបញ្ហានេះ បាននិងកំពុងធ្វើឲ្យ Samsung ធ្វើការស៊ើបអង្កេត។
នៅថ្ងៃទី០៨ ខែតុលាម្សិលមិញនេះ Galaxy Note 7 បានផ្ទុះឆេះឡើងនៅតៃវ៉ាន់ ប៉ុន្តែជាសំណាងល្អមិនបណ្ដាលឲ្យមានរបួសដល់ម្ចាស់ទូរស័ព្ទ។ ម្ចាស់ទូរស័ព្ទនោះត្រូវបានគេស្គាល់ឈ្មោះថា Lai ភេទស្រី វ័យ ២៦ឆ្នាំ ទើបតែប្ដូរ Galaxy Note 7 ថ្មី បាន ១០ថ្ងៃប៉ុណ្ណោះ។
នាង Lai បាននិយាយថា នាងបានដឹកឆ្កែដើរកម្សាន្ត រំពេចនោះស្រាប់តែមានផ្សែងហុយចេញហោប៉ៅរបស់នាង ដូច្នេះនាងក៏បានយក Galaxy Note 7 ចេញពីហោប៉ៅ រួចបោះវាទៅដី ដោយរង់ចាំមើលវាឆេះរហូតរលត់។
ពាក់ព័ន្ធនឹងករណីនេះ ក្រុមហ៊ុន Samsung ប្រចាំតៃវ៉ាន់ បានបញ្ជាក់ថា កំពុងតែធ្វើការស៊ើបអង្កេត ថាតើវាពិតជាបានផ្ទុះឆេះដោយសារតែថ្ម ឬបញ្ហាអ្វីផ្សេង។
គួរបញ្ជាក់ផងដែរថា នៅប៉ុន្មានថ្ងៃនេះមុននេះ Galaxy Note 7 បានផ្ទុះឆេះនៅលើយន្តហោះ ដែលត្រៀមនឹងធ្វើការហោះហើរ ដោយបានបង្កឲ្យមានភាពចលាចល ហើយនៅថ្ងៃនេះផងដែរ ក្រុមហ៊ុន Samsung បានចេញសេចក្ដីប្រកាសមួយ ដោយឲ្យក្រុមហ៊ុនដែលជាដៃគូ និងអតិថិជន ទាំងអស់ មេត្ដាស្ងប់អារម្មណ៍ ព្រោះ Samsung កំពុងធ្វើការស៊ើបអង្កេត៕
មតិយោបល់