ភ្នំពេញៈ ក្នុងពិធីសំណេះសំណាល និងចុះសួរសុខទុក្ខរបស់លោក កុយ ស៊ីឌឿន ម្ចាស់វិទ្យុឌីភី និងជាម្ចាស់ក្លិបសិល្បៈឌីភី និងភរិយាយកាលពីរសៀលថ្ងៃទី១៤ តុលា ក្រុមសាស្រ្តាចារ្យ និងនិស្សិតផ្នែកល្ខោនបាសាក់នៅក្នុងសាលាមធ្យមវិចិត្រសិល្បៈស្ថិតនៅម្ដុំបឹងប៉ាយ៉ាប បានបង្ហាញពីក្ដីបារម្ភ និងការខ្វះខាតយ៉ាងខ្លាំង ដោយសារតែគ្មានអ្នកចាប់អារម្មណ៍ជ្រោមជ្រែងដូចសិល្បៈផ្សេងៗ។ ក្រុមសាស្រ្តាចារ្យបានអះអាងថា និស្សិតល្ខោនបាសាក់របស់សាលារដ្ឋមួយនេះ មានសិស្សតែ១៣នាក់ប៉ុណ្ណោះ ដោយសារតែភាពខ្វះខាត និងមិនមានការជ្រោមជ្រែងពីសប្បុរសជន។ អ៊ីចឹងហើយទើបការសម្ដែងដំឡើងរឿងម្ដងៗ គឺត្រូវគៀរគរក្មេងៗតាមក្លិប និងមកពីផ្នែកផ្សេងៗនៅក្នុងសាលា ដើម្បីមានតួអង្គស្របតាមសាច់រឿង។
លោក កុយ ស៊ីឌឿន ដែលបានចុះទៅផ្ដល់ជំនួយតបតាមការស្នើសុំរបស់សាស្រ្តាចារ្យផ្នែកល្ខោនបាសាក់មួយនេះ បានអះអាងថា ការមើលរំលងចំពោះល្ខោនបាសាក់កំពុងធ្វើឲ្យមានការប្រឈមមុខចំពោះសិល្បៈបុរាណមួយនេះ។ លោកទទូចឲ្យក្រសួងវប្បធម៌ធ្វើការផ្សព្វផ្សាយ និងលើកកម្ពស់ល្ខោនបាសាក់ឲ្យបានទូលំទូលាយឡើងវិញ ដើម្បីជួយឲ្យយុវជនមានការចាប់អារម្មណ៍លើសិល្បៈនេះ ដើម្បីឲ្យក្មេងៗចាប់អារម្មណ៍មករៀនជំនាញនេះ និងមានចំណូលពីល្ខោនបាសាក់ដូចសិល្បៈសម័យ។
មន្ទីរទទួលបន្ទុកបានអះអាងថា ក្មេងៗដែលមកហ្វឹកហាត់ល្ខោនបាសាក់ ភាគច្រើនជាក្មេងក្រីក្រមកពីខេត្តឆ្ងាយៗ ហើយពួកគេទទួលបានបាយបីពេលយ៉ាងលំបាក ដោយសារតែខ្វះការផ្គត់ផ្គត់ពីសប្បុរសជននានា។ ជាក់ស្ដែងក្នុងពេលគៀរគរក្មេងឲ្យមកសម្ដែងរឿងណាមួយម្ដងៗ គឺបន្ទុកម្ហូបអាហារ និងបាយទឹក ជាការផ្គត់ផ្គត់របស់ក្រុមសាស្រ្តាចារ្យៗជាអ្នកដំឡើងរឿងយ៉ាងលំបាក ទើបធ្វើឲ្យការសិក្សាផ្នែកនេះកាន់តែមានការប្រឈមទៅៗ។
ខាងក្រោមនេះជាបទសម្ភាសន៍ពីកង្វះខាតរបស់សិស្សផ្នែកល្ខោនបាសាក់នៅសាលាមធ្យមវិចិត្រសិល្បៈ និងការសម្ដែងល្ខោនបាសាក់ពីសំណាក់សិស្សនិស្សិតដែលបានដំឡើងដោយក្រុមសាស្រ្តាចារ្យរបស់សាលាវិចិត្រសិល្បៈមួយនេះ៖
https://youtu.be/l9DHvM1RxOk
































មតិយោបល់