មានការភ្ញាក់ផ្អើលក្នុងពិភពសិល្បៈច្រើនគួរសម បន្ទាប់ពីម្ចាស់បទ«ដីថ្លៃប្រល័យស្នេហ៍»គឺលោកម៉ារ៉ា ប៊ុណ្ណា ត្រូវបានផលិតកម្មរ៉ុក ជ្រើសឲ្យសម្ដែងជាតួបាញ់បោះយ៉ាងសាហាវ ក្នុងរឿង«ចេនឡា២» ដែលជារឿងត្រៀមនឹងដាក់បញ្ចាំងនៅដើមខែ១១ខាងមុខ។ នៅក្នុងរឿងនេះ លោកបានសម្ដែងជាតួមេព្រៃកាន់ទាហានកាន់ទ័ព និងមានសកម្មភាពបាញ់បោះកាន់កាំភ្លើងយ៉ាងសាហាវ ដែលការសម្ដែងប្លង់ទាំងនេះ គឺតារាសិល្បៈគ្រប់រូបមិនសុទ្ធតែអាចសម្ដែងបាននោះទេ។
តំណាងមួយរូបរបស់ផលិតកម្មរ៉ុក បានទម្លាយពីឈុតឆាកសំខាន់ក្នុងរឿងនេះថា ខ្សែរឿង«ចេនឡា២» ជារឿងលើកដំបូងរបស់ផលិតកម្មរ៉ុក ដែលមានលក្ខណៈជាប្រភេទរឿងបាញ់ប្រហារ និងមានការចំណាយទុនខ្ពស់ទម្រាំតែបានផលិតចប់។ រឿងនេះនិយាយពីក្រុមអ្នកច្បាប់៦នាក់ តាមស៊ើបការណ៍ក្នុងជំរុំទ័ពព្រៃមួយ ដែលជាក្រុមទ័ពព្រៃរស់នៅលាក់ពួន ហើយបានប្រកបអាជីវកម្មរកស៊ីកាប់ឈើលក់ដោយគ្មានញញើតច្បាប់ ។ ក្នុងបេសកម្មនោះ ក្រុមអ្នកច្បាប់ត្រូវពួកទ័ពព្រៃចាប់បាន និងសម្លាប់ចោលម្ដងម្នាក់ៗរហូតអស់ចំនួន៤នាក់ ដោយនៅសល់២នាក់ប៉ុណ្ណោះដែលជាតួអង្គសំខាន់ និងជាអ្នករំលេចផ្ទៃរឿងឲ្យប្រទាក់ក្រឡាគ្នា។ ក្រោយពីស្លាប់អ្នកច្បាប់អស់៤នាក់ បុរសម្នាក់ដែលរស់នៅបង្កប់ខ្លួន ក្នុងជួរទ័ពរបស់ជំរុំព្រៃក៏បានចេញមុខរំដោះអ្នកច្បាប់២នាក់ ចុងក្រោយឲ្យបានរួចជីវិត ហើយធ្វើយុទ្ធនាការមួយចំនួនប្រឆាំងនឹង ភាពព្រៃផ្សៃ របស់មេព្រៃ។
តំណាងផលិតកកម្មរ៉ុកបានទម្លាយបន្តថា នៅវគ្គចុងក្រោយ ឆាកប្រយុទ្ធបាញ់បោះយ៉ាងសាហាវរវាងទ័ពព្រៃ និងទ័ពរបស់រដ្ឋាភិបាលក៏ត្រូវបានផ្ទុះឡើង ក្នុងភូមិចេនឡា២ ដែលគ្រប់គ្រងដោយមេព្រៃ។ អ៊ីចឹងហើយទើបការសម្ដែងរបស់លោក ម៉ារ៉ា ប៊ុណ្ណា ដែលត្រូវបានជ្រើសជាតួអង្គមេព្រៃ ត្រូវបានមហាជនមួយចំនួនចាប់អារម្មណ៍ ជាពិសេសនៅពេលដែលលោកត្រូវគេឃើញតុបតែងកាយ បានសមជាមេព្រៃ និងលេងចរឹកជារបៀបកាចសាហាវបានសម មិនខុសពីអ្នកទទួលបានការហ្វឹកហាត់ច្រើនមុនពេលចេញថត។
លោកម៉ារ៉ា ប៊ុណ្ណា បានអះអាងថា នេះជារឿងទី១ដែលលោកពេញចិត្តក្នុងពេលចេញថត និងជារឿងដែលលោកយល់ថា មានឈុតឆាកសម្ដែងគ្រោះថ្នាក់ជាច្រើនទម្រាំថតចប់។ លោករំពឹងយ៉ាងខ្លាំងថារឿង «ចេនឡា២»នឹងទទួលបានជោគជ័យ ក្រោយពេលដាក់បញ្ជាំងជាសាធារណៈ នៅតាមរោងកុននានានៅដើមខែ១១ខាងមុខ ៕
មតិយោបល់