ភ្នំពេញៈ បុរសម្នាក់ បានរងរបួសបែកក្បាលសន្លប់ឈឹង នៅសល់តែដង្ហើមចង្រិត បន្ទាប់ពីជិះម៉ូតូពេលយប់ក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ដកុងតឺន័រ ដែលកំពុងបើកបរចូលកន្លែងជញ្ជីងថ្លឹងឡានចោមចៅ កាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី ១៧ ខែតុលា ២០១៦ ចំណុចរង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ មាស សាខន ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ មានរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C- 5189 ជារថយន្តក្រុមហ៊ុនផែស្ងួតតេង ឡាយ បើកចេញពីផ្លូវជាតិលេខ៤ ចូលមករង្វង់មូលចោមចៅ រួចបានឆ្លងផ្លូវ បត់ចូលកន្លែងជញ្ជីងថ្លឹងបង់ប្រាក់ នៅផ្សារចោមចៅ ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BY-6880 បើកបរដោយបុរសម្នាក់ តាមផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើងឆ្ពោះមករង្វង់មូលចោមចៅ ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកចំពាក់កណ្តាលក្បាលរថយន្តកុងតឺន័រកៀបម៉ូតូជាប់ជាមួយរថយន្ត បណ្តាលឲ្យបុរសដែលជិះម៉ូតូបែកក្បាលហូរឈាមស្រោចពេញខ្លួន ត្រូវបានរថយន្តគ្លីនិក ហុង ហាក់ មកដឹកទៅសង្គ្រោះភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានមកវាស់វែងនាំយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិសែនជ័យ ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕
មតិយោបល់