យោងតាមការទម្លាយចេញពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានអះអាងថា តារាសម្ដែងទើបឆ្លងទន្លេនាងភិន សុដាលីស បានជាប់សម្ភាសន៍ដើម្បីទៅបង្ហាញខ្លួននៅលើទឹកដីអាមេរិកហើយ ដោយទិដ្ឋាការដែលផ្ដល់អោយនាងគឺមិនមានវត្តមានកូនស្រីរបស់នាងឡើយ។ នាងនឹងត្រូវចាកចេញទៅកាន់ប្រទេសនេះ នៅដើមសប្ដាហ៍ទី២ក្នុងខែវិច្ឆិកា ដែលនេះគឺជាការធ្វើដំណើរតាមយន្តជាលើកទី១ បន្ទាប់ពីតារាស្រីរូបនេះសរសៃខ្ចី។
ប្រភពពីមន្ត្រីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានអះអាងថា ភិន សុដាលីស បានសុំសិទ្ធិទៅអាមេរិករយៈពេលមួយអាទិត្យក្នុងបំណងដើរលេង ដោយនាងមិនបានស្នើសុំយកកូនទៅជាមួយនោះទេ ទើបខាងស្ថានទូត មិនភ័យរឿងនាងមិនត្រលប់វិញ ហើយផ្ដល់ទិដ្ឋាការអោយ៉ាងស្រួល បើធៀបនឹងការចូលសម្ភាសន៍ចេញទៅអាមេរិកកន្លងមក។
នាងបានជាប់សម្ភាសន៍ជាមួយនឹងឪពុក និងប្អូនៗរបស់នាង២នាក់ ដោយខាងស្ថានទូតបានផ្ដល់ទិដ្ឋាការអោយនាងដោយគ្មានការជជីកសួរដេញដោលច្រើនទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក អ៊ិន សុភិន ជាឪពុករបស់នាងបានទទួលស្គាល់ថា ភិន សុដាលីសពិតបានជាប់សម្ភាសន៍ទៅកាន់សហរដ្ឋអាមេរិកប្រាកដមែន តែជាគម្រោងដើរលេងរយៈពេលខ្លីប៉ុណ្ណោះ។
លោកថានាងនឹងធ្វើដំណើរចេញទៅកាន់អាមេរិកនៅថ្ងៃបុណ្យឯករាជ្យខាងមុខ ដោយការចាកចេញរបស់នាងគឺដើម្បីបន្ធូរខួរក្បាលក្រោយពេលសម្រាលកូន។ លោកថាគម្រោងនេះគឺទៅ៤នាក់ដោយរួមមានលោក អ្នកនាងដាលីស និងកូនប្រុសស្រីរបស់លោកចំនួន២ទៀត។
ដោយឡែកកូនស្រីរបស់ដាលីស គឺមានភរិយារបស់លោកជាអ្នកមើលថែហើយ ដើម្បីអោយដាលីសមានពេលដើរកម្សាន្តស្រួលពេញមួយអាទិត្យនៅលើទឹកដីអាមេរិក។ លោកថានេះជាលើកទី៣ដែលនាងបានស្គាល់សហរដ្ឋអាមេរិក ហើយបណ្ដាលមកពីលោក និងក្រុមគ្រួសារបានដាក់ផែនការត្រូវនាំកូនចៅដើរលេងនៅអំឡុងបុណ្យឯករាជ្យជាតិនោះតាំងពីយូរណាស់មកហើយ ទើបទោះជាកូនស្រីរបស់ដាលីសទើបមានអាយុមិនដល់មួយខែ ក៏ត្រូវតែនាំដាលីសដើរលេងដើម្បីអោយនាងសប្បាយចិត្ត។ លោកថាបើគ្មានការយកចិត្តទុកដាក់ពីលោកដែលជាឪពុកទៀត គឺបញ្ហាសតិអារម្មណ៍របស់នាងនឹងកើតមានឡើង ទើបការកម្សាន្ដមួយនេះត្រូវបានកើតឡើង៕
មតិយោបល់