ប្រមាណជា១ឆ្នាំចុងក្រោយ គេកត់សម្គាល់ថាតារាចម្រៀងវ័យក្មេងនាង ហួន ចាន់លិកា ដែលមានឈ្មោះដើមថា សម្បត្តិ ចាន់លិកា បានបញ្ចេញស្នាដៃនិពន្ធថ្មីរបស់ខ្លួន កាន់តែខ្លាំងក្នុងបំណងវាយបំបែកទីផ្សារចម្រៀង។ បទថ្មីរបស់នាងត្រូវគេឃើញលេចឡើងយ៉ាងសន្ធាប់ ទន្ទឹមនឹងរឿងរ៉ាវស្នេហារបស់នាងជាមួយបុរសជនសិង្ហបុរីម្នាក់ ត្រូវបានគេទម្លាយ ដែលមិនខុសពីការបង្វែរ មហាជនឲ្យផ្អាកការតាមដានរឿងរ៉ាវស្នេហា ហើយងាកមកចាប់អារម្មណ៍ស្នាដៃសិល្បៈរបស់នាងវិញ។
ហួន ចាន់លិកា បានអះអាងថាបើទោះជានាងគឺជាតារាចម្រៀងថ្មី ហើយគ្មានផលិតកម្មជ្រកកោន តែនាងមិនបានឡើង ឆាកដោយជ្រើសយកបទរបស់តារាចម្រៀងណាម្នាក់ មកច្រៀងបង្អួតសំឡេងនោះទេ គឺបានផលិតបទថ្មីផ្ទាល់ខ្លួន ជាមួយក្រុមការងារដើម្បីបកស្រាយជាជំនួសវិញ។ នាងថាខ្លួនបានផលិតបទថ្មីប្រភេទ Original Song មិនចម្លងភ្លេងពីគេប្រមាណបទមកហើយ ដោយបទទាំងនោះមានមួយចំនួនទទួលបានការគាំទ្រច្រើនធ្វើឲ្យនាងកាន់តែមានកម្លាំងចិត្តនោះផង។ ជាក់ស្ដែងបទ«បានត្រឹមចាំ!»ដែលនាងបានច្រៀងជាមួយលោកពុំ ថៃប៊ុនហុក បេក្ខភាពជុំចុងក្រោយក្នុងកម្មវិធី«ផ្កាយរះក្នុងសួន»ជំនាន់ទី១ របស់ទូរទស្សន៍អប្សរា គឺជាស្នាដៃមួយដែលត្រូវគេឃើញមានការគាំទ្រខ្លាំង ពីស្រទាប់លេងហ្វេសប៊ុក ។
នាងថាក្នុងពេលដ៏ខ្លីនាងមិនត្រឹមតែចេញថតMV នូវបទមួយចំនួនដែលទទួលបានការគាំទ្រខ្ពស់នៅលើប្រព័ន្ធ Youtube បន្ទាប់ពីបានបង្ហោះប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងត្រៀមផលិតបទ Original Song រហូតដល់មួយវ៉ុល ដើម្បីឡើងឆាកអង្រួនអ្នកគាំទ្រស្នាដៃកូនខ្មែរផងដែរ។ នាងថាខ្លួនមានបំណងលើកស្ទួយស្នាដៃថ្មីៗ ទើបបន្តប្រកាន់ជំហរមិនចូលផលិតកម្ម ហើយសុខចិត្តចំណាយទុនផ្ទាល់ខ្លួន ដើម្បីផលិតបទថ្មី ដោយមិនខ្វល់ពីការខាតបង់។ ជាមួយគ្នានោះដែរនាងក៏ចង់ឲ្យស្នាដៃថ្មីៗរបស់ខ្លួន ក្លាយជាចំណាប់អារម្មណ៍ជំនួសឲ្យស្នេហាឯកជនដែលត្រូវបានបណ្ដាញសារព័ត៌មានមួយចំនួនចុះផ្សាយជាហូរហែរនាពេលថ្មីៗ។ នាងថាខ្លួនចង់ជោគជ័យលើការងារសិល្បៈឲ្យបានខ្លាំងសិន ទើបងាកមកនិយាយពីរឿងឯកជនឲ្យបានផុសផុលនាពេលខាងមុខ។
ហួន ចាន់លិកា បញ្ជាក់ថានាងរំពឹងខ្ពស់លើបទចម្រៀងOriginal Song ដែលខ្លួនបានបង្ហោះជា Audio (សំឡេង)ថ្មីៗ និងបទមួយចំនួនដែលសម្ងំផលិតវាយបំបុកទីផ្សារ ។ យ៉ាងណាមិញ សន្ទុះគាំទ្រដូចគ្នានឹងបទ«បានត្រឹមចាំ» និងបទកន្លងមកដែលបានទទួលជោគជ័យលុះត្រាតែអ៊ុតក្រោយពេលដែលនាងសម្រុកឡើង ប្រូម៉ូតតាមឆាកតន្ត្រីខាងមុខសិន ៕
មតិយោបល់