ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជាសាធារណៈកាត់ក្តីជនជាប់ចោទ ចំនួន៥នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដែលបានបាញ់សម្លាប់ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញឈ្មោះ ទៀន ករុណា ស្លាប់ នៅក្នុងប្រតិបត្តិការបង្ក្រាប ក្រុមឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀនក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ។
ជនជាប់ចោទរួមមានទី១ឈ្មោះ លី វីរៈ ភេទប្រុស អាយុ៣៧ឆ្នាំ។ ទី២ឈ្មោះ លី កុកហុយ ភេទប្រុស អាយុ៦៤ឆ្នាំ។ទី៣ឈ្មោះ ទី អៀង ភេទប្រុស អាយុ ៤៥ឆ្នាំ។ ទី៤ឈ្មោះ ស៊ុន ដារ៉ូ ភេទប្រុស អាយុ ២៣ឆ្នាំ និងទី៥ឈ្មោះ ត្រាវ រិទ្ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ។ អ្នកទាំង៥នាក់ត្រូវបានលោក សៀង សុខ តំណាងអយ្យការចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បទចូលរួមជាមួយក្រុមឧក្រិដ្ឋជន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៤៩០នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការជនជាប់ចោទឈ្មោះ លី វីរៈ បានសារភាពថា ខ្លួនបានស្គាល់ឈ្មោះ លឹម គឹមតេង មេក្លោងជួញដូរគ្រឿងញៀនត្រូវសមត្ថកិច្ចបាញ់ស្លាប់ នៅក្នុងពន្ធនាគារព្រៃស។ ជនជាប់ចោទបន្តថា ក្រោយពីចេញពីពន្ធនាគារ រូបគេ ជាអ្នកទទួលគ្រឿងញៀនពីឈ្មោះ លឹម គឹមតេង ដើរយកឲ្យអតិថិជនតាមការបញ្ជាទិញបានចំនួន ៣ដង លុះដល់លើកទី៣ ក៏ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបាន និងឲ្យជូនទៅទីតាំងផ្ទះដែលឈ្មោះ លឹម គឹមតេង ស្នាក់នៅ ផ្លូវលេខ៣៥១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
ដោយឡែកជនជាប់ចោទឈ្មោះ ទី អៀង ជាម្ចាស់ផ្ទះប្រព្រឹត្តបទល្មើស និងឈ្មោះ លី កុកហុយ ជាពូរបស់ឈ្មោះ លឹម គឹមតេង បានបដិសេធថា ខ្លួនមិនបានដឹងរឿងអ្វីនោះទេ ព្រោះពួកខ្លួនគ្រាន់តែរកស៊ីខ្វៃជ្រូកនៅក្នុងផ្ទះនោះតែប៉ុណ្ណោះ ដែលចម្លើយទាំងអស់នេះហាក់ធ្វើឲ្យសាធារណៈជនដែលចូលរួមនៅក្នុងសវនាការមានការងឿងឆ្ងល់ថា ហេតុអ្វីពួកគេរស់នៅក្នុងផ្ទះតែមួយជាមួយគ្នា និងថែមទាំងសហការគ្នាជួយបាញ់តដៃសមត្ថកិច្ចក្នុងពេលបង្ក្រាបផង ទៅជាមិនដឹងរឿងអ្វីអីបន្តិចសោះទៅវិញ។
ចំពោះសវនាការនាព្រឹកនេះ តុលាការមិនទាន់បានសាកសួរជនជាប់ចោទឈ្មោះ ស៊ុន ដារ៉ា និងឈ្មោះ ត្រាវ រិទ្ធារ៉ា នៅឡើយទេ ហើយតុលាការបានលើកពេលទៅបន្តសវនាការនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ខាងមុខ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងរឿងរ៉ាវ រថយន្តម៉ាក អូឌី ពាក់ស្លាកលេខ ន.ប 2-0621 ដែលក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់ជាមធ្យោបាយដើម្បីដឹកជញ្ជូនគ្រឿងញៀននោះមិនទាន់ត្រូវបានតុលាការលើកឡើងនៅក្នុងសវនាការនោះទេ ហើយមហាជនកំពុងរងចាំមើលថាតើ រថយន្ត អូឌី និងអាវុធវែងខ្លី ៦ដើមនោះមានប្រភពមកពីណា ហើយអ្នកពាក់ព័ន្ធនឹងរឿងនោះអាចនឹងទទួលទោសឬក៏អត់?
គួររំឭកថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅបង្ក្រាបក្រុមឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀនមួយកន្លែង នៅផ្លូវលេខ៣៥១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយការបង្ក្រាបនោះក្រុមឧក្រិដ្ឋជនបានបាញ់ប្រហារមកលើសមត្ថកិច្ចអាវុធហត្ថឈ្មោះ ទៀន ករុណា ម្នាក់ស្លាប់និងមាននាក់រងរបួសស្រាលមួយចំនួន និងមានមេក្លោងជួញដូរគ្រឿងញៀនឈ្មោះ លឹម គឹមតេង ត្រូវសមត្ថកិច្ចបាញ់ស្លាប់នៅនឹងកន្លែងកើតហេតុ ព្រមទាំងដកហូតបាន បានអាវុធ ៦ដើម(អាវុធខ្លី៥ដើម អាវុធវែង១ដើម) រថយន្ត២គ្រឿង ម៉ូតូ៤គ្រឿង និងគ្រឿងញៀនមួយចំនួនធំ៕
https://youtu.be/fG8YJIsZ4pE
មតិយោបល់