តារាចម្រៀងខេម និង អ្នកនិពន្ធ សាន សេកសុខុម នៅល្ងាចម៉ោង៦ និង៣០នាទី ថ្ងៃទី៥ ខែវិច្ឆិកា នឹងហោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីច្រៀងស្វែងរកថវិកា ជួយដល់វត្តខ្មែរមួយកន្លែង នៅក្នុងប្រទេសមួយនេះ។
តារាចម្រៀង និងអ្នកនិពន្ធ ទាំងពីរនាក់នេះ នឹងធ្វើដំណើរតាមរយៈការអញ្ជើញ ពីលោក ជានិច្ច ប្រធានអង្គការខ្ញុំខ្មែរ ដោយធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី រយៈពេល ៣ថ្ងៃ ។
បើតាមលោក សាន សេកសុខុម បានឲ្យអង្គភាព Post News ឲ្យដឹងថា សម្រាប់វត្តមានទៅកាន់ម៉ាឡេស៊ី លោកនឹងយកបទចម្រៀងនិពន្ធថ្មី ដែលជាស្នាដៃរបស់លោកជាច្រើន យកទៅច្រៀងរៃអង្គាស ប្រាក់នៅទីនោះ ដែលជាសកម្មភាពមួយ ជួយជាតិ និង សាសនា ។
លោក សាន សេកសុខុម បានបន្តថា សម្រាប់ជំហានបន្ទាប់ វិលវិញពីម៉ាឡេស៊ី អង្គការខ្ញុំខ្មែរ រួមទាំងលោក និង ខេម នឹងត្រូវទៅកាន់ប្រទេសបារាំង ដើម្បីស្វែងរកថវិកា ជួយដល់ជនក្រីក្រ តាមជនបទបន្ថែមទៀត។
កាន់តែពិសេសជាងនេះទៅទៀត អតីតកវីនិពន្ធ និងជាតន្ត្រីករ នៅផលិតកម្មសាន់ដេ បានបន្តថា បន្ទាប់មក នឹងមានគម្រោងផលិតកុនប្រកួតប្រជែងទីផ្សារកម្ពុជាដើម្បីរកចំណូលជួយខ្មែរក្រីក្របន្តក្នុងពេលឆាប់ៗនេះ ដែលក្នុងរឿងនេះ មានខ្លឹមសារអប់រំនិងលើកដំកើង រាំក្បាច់ និង មួកត្នោត ស៊ីក្លូ ក្រមារខ្មែរជាដើម ហើយភាពយន្តនេះបែបវ៉ៃតប់ កំប្លែង កម្សត់ មានគម្រោងចំណាយពីចន្លោះ ៧ ទៅ ១០ម៉ឺនដុល្លារផងដែរ ៕
មតិយោបល់