ក្រចេះ: បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ យប់មិញនេះ យ៉ាងហោចណាស់ មានរថយន្ដដឹកឈើប្រណិតប្រភេទសាំយ៉ុង កាមរីស្វិត កាមរីហើម ហាយឡែនឌ័រ និងរថយន្ដមួយបាំងកន្លះ ប្រមាណពី១៥ទៅ២០គ្រឿង រួមទាំងរថយន្ដយីឌុប៥ផ្លូវ ដឹកដើមត្រៀកចំនួន២គ្រឿងផងដែរ ដែលធ្វើចរាចរណ៍បានយ៉ាងរលូនលើដងផ្លូវជាតិ៧៦A ក្រចេះស្នូលឆ្ពោះទៅប្រទេសវៀតណាម។
សេចក្ដីរាយការណ៍បានបន្តថា ឈើប្រណិតទាំងអស់នោះ ត្រូវបានគេប្រមូល ដឹកចេញពីតំបន់នាៗស្ថិតនៅចំណុច ភ្នំខៀវក្នុងភូមិសាស្រ្តអូរកណ្ដៀ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ តាមសម្ដីប្រជាសហគមន៍ឲ្យដឹងថា ជារៀងរាល់ថ្ងៃគេសង្កេតឃើញមេឈ្មួញដ៏ល្បី និងមានឥទ្ធិពលដែលមន្ត្រីមានសមត្តកិច្ចក្នុងខេត្តក្រចេះ ពុំហ៊ានលូកដៃបង្ក្រាបនោះគឺ មានឈ្មោះ២នាក់ ប្រចាំនៅខេត្តក្រចេះ ដែលពលរដ្ឋឲ្យរហ័សនាមហៅថា លោកធី ប៉ាញ់ និងលោក ធី កាប៉ូ។
ពលរដ្ឋបានបន្តថា រាល់ថ្ងៃនេះ លោកធីបាញ់ និងលោក ធី កាប៉ូ បញ្ជាឲ្យពលរដ្ឋ ក្រីក្រយករថយន្តកែច្នៃ និងត្រាក់ទរ័ជាច្រើនគ្រឿង ចូលកាប់ជ្រៀកអាឈើប្រណិត ដឹកជញ្ជួន យ៉ាងអាណាធិប្បតេយ្យ នៅចំណុចភ្នំខៀវ យកមកលក់ឲ្យខ្លួនក្នុងតម្លៃថោកៗ និងដឹកបន្តទៅលក់ ឯប្រទេសវៀណាមជារៀងរាល់ថ្ងៃ ដោយពុំឃើញមន្ត្រីពាក់ព័ន្ធណាម្នាក់ទៅក្បែរនោះឡើយ។
មិនត្រឹមតែប៉ុណ្ណោះ កាដឹកជញ្ជូនតាមរថយន្ដតូចធំនៅលើដងផ្លូវជាតិ បានយ៉ាងរលូនដោយពុំមាន សមត្តកិច្ច ឬមន្ត្រីពាក់ព័ន្ធណាហ៊ានមកក្បែរឡើយ ទោះបីបច្ចុប្បន្ននេះ មាន PMផ្ទៃប្រទេសបានចុះមកទប់ស្កាត់យ៉ាងណាក៏ដោយ គេនៅតែឃើញសកម្មភាពដឹកជញ្ជូនឈើប្រណិតនិងដើមត្រៀកនេះ បានយ៉ាងរលូនដែរ។ គេសង្ស័យទៅលើអាជ្ញាធរ ថាមានកាឃុបឃិតជាលក្ខណៈប្រព័ន្ធដោយគ្មានឃើញ កម្លាំងជំនាញចុះមកបង្ក្រាប ឬទប់ស្កាត់ឡើយ។ ចំណែកលោក ធីប៉ាញ់ និង លោក ធី កាប៉ូ បានបើករថយន្ដពីមុខរហូតដើម្បីរត់ការបើកផ្លូវ៕
មតិយោបល់