ក្នុងពិធីបើកសម្ពោធដាក់បញ្ចាំងរឿង«បណ្ដឹងស្រីទាំង៥»នៅផ្សារទំនើបទួលគោក ផលិតកររឿងអះអាងថាបានចំណាយជិត៧០០០ដុល្លារដើម្បីរៀបចំពិធី ទើបគេឃើញវេទិកាដែលប្រមូលផ្ដុំដោយតារាល្បីឈ្មោះនៅក្នុងល្ងាចនោះ មានភាពអឹកអធឹក។
ជាមួយគ្នានោះផលិតករក៏បានរំពឹងថានឹងប្រមូលបានមិនក្រោម២៤ម៉ឺនដុល្លារចាប់ពីថ្ងៃដាក់បញ្ចាំងរហូតដល់ថ្ងៃចប់បុណ្យអ៊ុំទូកនោះផងដែរ ដោយមិនរាប់បញ្ចូលការបន្តបញ្ចាំងក្នុងថ្ងៃបន្តបន្ទាប់ និងតាមខេត្តឡើយ។
លោកអ៉ិន ចាងហ្វាងផលិតកម្មមហាហង្សបានអះអាងថា ខ្សែរឿង«បណ្ដឹងស្រីទាំង៥»នឹងសម្រេចដាក់បញ្ចាំងគ្រប់រោងចំថ្ងៃបុណ្យឯករាជ្យជាតិ នៅថ្ងៃទី៩ វិច្ឆិកានេះ។ លោកថានេះជារឿងទី១ដែលខាងមហាហង្សបានចាប់ដៃផលិតជាមួយអ្នកស្រីពាន់ ភួងបុប្ផា ហើយមានការ ប៉ាន់ស្មានថានឹងមានអ្នកទស្សនាមិនក្រោម៦ម៉ឺននាក់នោះទេ រាប់ពីថ្ងៃដាក់បញ្ចាំងទៅទល់ថ្ងៃទី៣ក្នុងពិធីបុណ្យអ៊ុំទុក។ លោកថារឿងនេះ ចំណាយជាង១០ម៉ឺនដុល្លារ ហើយក៏ជារឿងប្រភេទស៊ើបអង្កេតលើកដំបូង ដែលខាងមហាហង្ស ក្រោមការដឹកនាំផលិតរបស់អ្នកស្រី ពាន់ ភួងបុប្ផា ធ្វើឡើងដោយការសម្រិតសម្រាំងលើគុណភាពសំឡេង និងប្លង់។ លោកថាក្ដីរំពឹងនឹងទទួលបានចំណូល មិនក្រោម២៤ម៉ឺនដុល្លារនោះទេ ត្រឹមថ្ងៃចុងបញ្ចប់ក្នុងពិធីបុណ្យអ៊ុំទូក។
អ្នកស្រី ពាន់ ភួងបុប្ផា អ្នកដឹកនាំរឿងបានអះអាងថា នេះជារឿងទី១ដែលអ្នកស្រីបានផលិតបន្ទាប់ពីផ្អាកផលិតកុនអស់មួយរយៈ។ រឿងនេះអ្នកស្រីថាស្ដែងឡើងពីបុរសស្រឡាញ់ភេទដូចគ្នា ក្រោមការសម្ដែងដោយលោកយ៉ែម សំអូន និងលោកតួអង្គប្រុសម្នាក់ទៀត ដែលអ្នកស្រីបញ្ជាក់ថាជាស្នេហាផ្ទុយធម្មជាតិ ដែលបណ្ដាលឲ្យតួអង្គស្រី៥នាក់ក្នុងរឿងត្រូវស្លាប់ ហើយបង្កើតជាសាច់រឿងបណ្ដាក់គ្នា។
អ្នកស្រីថារឿងនេះប្រមូលផ្ដុំដោយតារាល្បីៗជាច្រើនដូចជាយ៉ែម សំអូន, កញ្ញានី មុន្នីនាថ, កញ្ញាទឹម រដ្ឋា, អ្នកនាងសុខ សោម៉ាវត្តី, កញ្ញាគៀត សុវណ្ណាឡាង, កញ្ញានេត្រ សុចរិយា, កញ្ញា មាន សូនីតា, លោកភឹម តារាវិបុល, លោកអ៊ឹង រដ្ឋាហៅទុយ, លោកខាត់ សម្បត្តិកិត្យា, អ្នកនាងសូដា នីតា, អ្នកនាងព្រីម មន្ថា, ឌីជេនេនទុំ និងតារាល្បីឈ្មោះជាច្រើនរូបទៀត។ ដោយឡែកក្នុងពិធីបើកសម្ពោធក្រៅពីតួសម្ដែងសំខាន់ៗខាងលើ ក៏មានវត្តមានតារាល្បីឈ្មោះជាច្រើនផ្សេងទៀតផងដែរ ទើបក្នុងពិធីសម្ពោធនោះមានតារាកុះករ៕

























មតិយោបល់