ព័ត៌មានជាតិ

លោក ម៉ម ប៊ុនហេង ចែកឯកសណ្ឋានសន្តិសុខ១៨០កំប្លេរ និងអាយកូមដល់ប្រជាការពារក្នុងខណ្ឌសែនសុខ

ភ្នំពេញ: លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅក្នុងពិធីចែកឯកសណ្ឋាន និងអាយកូម ជូនដល់កម្លាំងប្រជាការពារក្នុងសង្កាត់ទាំង ៦ នៃខណ្ឌសែនសុខ បានណែនាំកម្លាំងប្រជាការពារសង្កាត់ទាំងអស់ ត្រូវសហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ ដើម្បីបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋាន។

ពិធីនេះប្រព្រឹត្តឡើងនៅក្នុងសាលប្រជុំសាលាខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានការចូលរួមពីសំណាក់លោក ប៉ឹល កុសល អភិបាល នៃគណ:អភិបាល ខណ្ឌសែនសុខ និងលោកអភិបាលរង ព្រមទាំងចៅសង្កាត់ និងតំណាងចៅសង្កាត់ទាំង ៦ នៃខណ្ឌសែនសុខផងដែរ ។
លោកបានមានប្រសាសន៍ផ្តាំផ្ញើរទៅដល់សមត្ថកិច្ចទាំងអស់ កម្លាំងប្រជាការពារសង្កាត់ នគរបាលខណ្ឌ និងអាវុធហត្ថខណ្ឌ នាពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ ត្រូវពង្រឹងសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពីព្រោះថា នៅពេលដែលមានពិធីបុណ្យជាតិធំម្តងៗ ក្រុមជនសង្គមងងឹត តែងតែឆ្លៀតឱកាសធ្វើសកម្មភាពល្មើសផ្សេងៗ ដូចជា ករណីលួច ឆក់ ប្លន់ ជាដើម ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការភ័យខ្លាចយ៉ាងខ្លាំង។ ដូច្នេះដើម្បីចៀសវាងករណីទាំងកើតឡើងនេះ សូមសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងការងារពួនស្ទាក់ គ្របច្រកល្ហក ការពារបទល្មើសឲ្យបានកុំឲ្យកើតមានឡើង។

ជាមួយគ្នានេះលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា នៅក្នុងពីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ក្រសួងសុខាភិបាលបានរៀបចំ ទីកន្លែងសង្គ្រោះបឋម ចំនួន ១២ប៉ុស្តិ៍ ដើម្បីទទួលសេវាបំរើប្រជាពលរដ្ឋដោយឥតគិតថ្លៃ សម្រាប់អ្នកដែលចូលរួមទស្សនានៅក្នុងពីបុណ្យអុំទូក ដូច្នេះប្រសិនជាបងប្អូនមានអាការ:មិនសូវស្រួលខ្លួន សូមមកទទួលសេវាព្យាបាលរបស់ក្រសួងសុខាភិបាល ដែលដាក់ពង្រាយតាមកន្លែងកំណត់។

ដោយឡែកលោក ប៉ឹល កុសល នាឱកាសនោះមានប្រសាសន៍ថា កម្លាំងប្រជាការពារសង្កាត់ ទាំង ៦សង្កាត់ ដែលត្រូវមកទទួលឯកសណ្ឋាន គឺសរុបមានចំនួន ១៨០នាក់ ដោយម្នាក់ៗ ទទួលបានឯកសណ្ឋាន ចំនួន ១កំប្លេរ ។ ចំណែកវិទ្យុទាក់ទង ( អាកូម ) សម្រាប់ ១សង្កាត់ ទទួលបាន ២ គ្រឿង ដើម្បីយកទៅទំនាក់ទំនងការងារ និងសម្រាប់ការសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ នគរបាលខណ្ឌ និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌ ដើម្បីបង្ក្រាបបទលើ្មសផ្សេងៗ រក្សាឲ្យបាននូវសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពចាប់ពីពេលនេះតទៅ៕

photo_2016-11-07_22-08-08

photo_2016-11-07_22-08-16

photo_2016-11-07_22-08-19

photo_2016-11-07_22-08-21

មតិយោបល់