ក្រោយពីបានល្បីឈ្មោះជាមួយបទ«បុណ្យភូមិ»គេកត់សម្គាល់ថាតារាចម្រៀង២រូបដែលបានឲ្យឈ្មោះខ្លួនថា«ក្រុមក្មេងខ្មែរ» ជាអ្នកនិពន្ធ និងជាច្រៀង កាន់តែមានទីផ្សារនៅក្នុងពិធីសិល្បៈ។ បទថ្មីៗជាបន្តបន្ទាប់ ក៏ត្រូវបានតារាទាំងពីរដួងបញ្ចេញវាយលុកទីផ្សារជាបន្តបន្ទាប់ ដែលបទភាគច្រើនចាក់ដោតត្រូវអារម្មណ៍របស់មហាជនភាគច្រើន។
ក្នុងបទសម្ភាសន៍មួយថ្មីៗ លោក ជា សុជាតិ ជាអ្នកច្រៀងបទ«បុណ្យភូមិ»បានអះអាងថាខ្លួនកាន់តែមានទីផ្សារក្នុងការទទួលច្រៀងនៅតាមកម្មវិធីធំៗខុសប្លែកជាងមុន។ តាំងពីបានជោគជ័យក្នុងបទ«បុណ្យភូមិ»លោកនិងដៃគូ គឺលោកកៅ ពន្លឺ ជាអ្នករ៉េប កាន់តែមានកម្លាំងចិត្តជាងមុនក្នុងការផលិតបទនិពន្ធថ្មីដោយមិនចម្លងពីគេ ដើម្បីបង្ហាញស្នាដៃក្រុមក្មេងខ្មែរ។
លោកថាបទ«ស្មារតីកីឡា»ដែលត្រូវបានទទួលការសរសើរនៅក្នុងព្រឹត្តិការណ៍កីឡាជាតិជាពេលមុននេះ ក៏ជាស្នាដៃរបស់ពួកលោក ដោយបានទាំងប្រមូលតារាចម្រៀងOriginal Song មកជាច្រៀងជុំគ្នា ដើម្បីធ្វើឲ្យបទនោះមានភាពរស់រវើកផងដែរ។ លោកថាបទថ្មីរបស់ខ្លួន ត្រូវបានមហាជនទទួលស្គាល់កាន់តែច្រើន បើទោះជាបទ«បុណ្យភូមិ»! និងបទ«ស្មារតីកីឡា»ត្រូវបានលោតខ្លាំងជាងគេ ក្នុងចំណោមបទនិពន្ធថ្មីទាំងអស់។ លោកថាក្រុមចម្រៀងក្មេងខ្មែរកំពុងផលិតបទថ្មីជាច្រើនដោយបទទាំងនោះ មានការរំពឹងថានឹងផ្ទុះខ្លាំងមិនចាញ់បទ២ខាងលើនោះឡើយ។
លោកកៅ ពន្លឺ ជាអ្នករ៉េបក្នុងបទ«បុណ្យភូមិ»បានអះអាងថាដោយសារតែបទថ្មីមានការគាំទ្រ ទើបធ្វើឲ្យក្រុមចម្រៀងរបស់ខ្លួនមានការងាររវល់កាន់តែច្រើន ដោយលោកទទួលស្គាល់ថាតម្លៃខ្លួនចេញច្រៀងក៏មានស្ទុះឡើងផងដែរ។ លោកថាម្ចាស់ផលិតផល និងម្ចាស់កម្មវិធីជាច្រើនបានគាំទ្រក្រុមចម្រៀងរបស់លោក ដោយសារតែពេញចិត្តបទថ្មីៗរបស់ក្រុមលោក ដែលយល់ថានេះជាការគាំទ្រធំមួយ ចាប់តាំងពីលោក និងលោកពន្លឺ ផ្ដើមផលិតបទថ្មីនៅក្នុងពិភពចម្រៀង។ លោកក៏បានពង្រឹងក្រុមការងារដើម្បីផលិតបទថ្មីឲ្យកាន់តែខ្លាំង ដើម្បីរំលេចស្នាដៃកូនខ្មែរឲ្យកាន់តែមានការទទួលស្គាល់៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=4d4h1i2zaU8
https://www.youtube.com/watch?v=D3EjI7Q11Z4&feature=youtu.be
មតិយោបល់