កាលពីថ្ងៃទី១១ វិច្ឆិកា តារាសិល្បៈល្បីៗមួយចំនួនបានស្ម័គ្រចិត្តចេញមុខឃោសនាដល់សាធារណជន ជាពិសេសដល់អ្នកធ្វើដំណើរតាមផ្លូវ និងសិស្សនិស្សិតចូលរួមកុំឲ្យភ្លេចអេដស៍។
នេះជាការស្ម័គ្រចិត្តមួយយ៉ាងកម្រ ខណៈដែលវត្តមានតារាសិល្បៈចូលរួម ត្រូវគេមើលឃើញថាធ្វើឲ្យសកម្មភាពឃោសនាស្ដីពីជំងឺអេដស៍មានការចាប់អារម្មណ៍ពីសំណាក់មហាជន។
តារាសិល្បៈដែលបានចូលរួមផ្សព្វផ្សាយរួមមាន លោកទុំ សារ៉ុត ហៅនាយឃ្លោក អ្នកនាងលី ម៉ារីណា អ្នកនាងស្វែង សុជាតិ អ្នកនាងចាន់ សុផានី លោករតនា Mega និងតារាក្មេងៗ ជាពិសេសគឺក្រុមភេទទី៣មួយចំនួនទៀត។
វេទិកាដែលបានធ្វើឡើងនៅតាមបណ្ដោយផ្លូវខាងមុខអាជ្ញាធរអេដស៍នៅជិតមន្ទីរពេទ្យលោកសង្ឃនេះ ត្រូវគេឃើញមានចូលរួមឆ្លើយសំណួរយករង្វាន់ពីសំណាក់អ្នកធ្វើដំណើរយ៉ាងច្រើន បន្ទាប់ពីតារារួមមាននាយឃ្លោកជាដើមកាន់ក្បាលមេក្រូប្រកូកប្រកាស។
លោកអៀង ម៉ូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រឆាំងនឹងជំងឺអេដស៍ បានអះអាងថា នេះជាលើកទី១ដែលស្ថាប័នរបស់លោកបានធ្វើវេទិកាផ្សព្វផ្សាយកុំឲ្យមហាជនភ្លេចអេដស៍ ហើយមានការចូលរួមដោយមិនគិតកម្រៃពីតារាល្បីៗដែលបានទទួលការបណ្ដុះបណ្ដាលពីចំណេះដឹងអេដស៍កាលពីថ្ងៃទី៣ វិច្ឆិកា កន្លងទៅ។
លោកថានេះជាកាយវិការ និងការលះបង់គួរឲ្យសរសើរដែលមានន័យថាតារាសិល្បៈ ក្រៅតែគិតរឿងរាំច្រៀងជាប្រយោជន៍ផ្ទាល់ខ្លួន ក៏បានរួមចំណែកជួយជាតិ និងបំផុសឲ្យមហាជនយល់ដឹងពីផលប៉ះពាល់របស់ជំងឺអេដស៍ផងដែរ។
លោកថាវេទិកានេះ ធ្វើឡើងដើម្បីពញាក់អារម្មណ៍មហាជនមុនឱកាសបុណ្យអ៊ុំទូកមកដល់ ហើយក៏ដើម្បីផ្សព្វផ្សាយពីអត្ថប្រយោជន៍ស្រោមអនាម័យ ឲ្យបងប្អូនប្រជាពលរដ្ឋដែលមកទស្សនាបុណ្យអុំទូកមានការប្រយ័ត្នប្រយែង។
លោកថាអ្នកមកកម្សាន្តក្នុងបុណ្យអុំទូកតែងតែភ្លើតភ្លើងនឹងភ្លើងពណ៌ ហើយភ្លេចថាអេដស៍មិនដែលភ្លេចក្រុមអ្នកភ្លើតភ្លើនទាំងនោះ។ជាមួយនឹងការបញ្ជាក់របស់ប្រធានអាជ្ញាធរ តារាសិល្បៈចំនួន៥រូបគឺនាយឃ្លោក អ្នកនាងលី ម៉ារីណា អ្នកនាងស្វែង សុជាតា អ្នកនាងចាន់ សុផានី និងលោករតនាMega ក៏បានអំពាវពាក់ព័ន្ធនឹងពាក្យស្លោក«អ្នកអាចភ្លេចអេដស៍ តែអេដស៍មិនដែលភ្លេចអ្នក»នៅក្នុងយុទ្ធនាការនោះផងដែរ៖
https://www.youtube.com/watch?v=il2wjXJocTA&feature=youtu.be
មតិយោបល់