តារាកំប្លែងដ៏ល្បីល្បាញរបស់កម្ពុជា លោក ពែកមី បានប្រាប់ដល់គេហទំព័រ Post News ពីមូលហេតុមួយ ដែលលោកត្រូវពាក់ឯកសណ្ឋានកីឡា ដែលមានស្លាកលេខ មិនច្រឡំគេ ក្រោយក្រុមរបស់លោកលើកពានរង្វាន់ហ្វូតាបា កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
ក្នុងចំណោមកូនក្រុមខ្លួន ២៨ នាក់ ដែលជាកូនខ្មែរឥស្លាម ហើយលោកពែកមី ជាអ្នកដឹកនាំ និងបង្កើតក្រុមបាល់ទាត់ PekMi FC ត្រូវបានគេសង្កេតឃើញថា តារាកំប្លែងរូបនេះ ពាក់ឯកសណ្ឋាន ដែលមានស្លាកលេខ ខុសពីកូនក្រុមខ្លួន ជាមួយលេខ «១៦៨» ។
លោកពែកមី បានប្រាប់ថា «ស្លាកលេខ ១៦៨ នេះខ្ញុំពាក់មិនឲ្យច្រឡំគេតែប៉ុណ្ណោះ តែវាជាលេខ ហុងស៊ុយ» ។ នៅពេលក្រុមការងារ Post News បានសួរថាតើលេខហុងស៊ុយនេះ ជាមូលហេតុ ដែលធ្វើឲ្យក្រុមលោកឈ្នះគេ ? តារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន បានធ្វើការបដិសេធ នឹងឆ្លើយតបថា ការលើកពានហ្វូតាបា របស់ក្រុមលោក មិនមែនមកពីលោកពាក់ស្លាកលេខ ១៦៨ នោះទេ តែវាជាបច្ចេកទេស និងសមត្ថភាពក្រុមលោក ទើបអាចលើកពាននេះបាន ។
បញ្ជាក់ផងដែរថា សម្រាប់ក្រុម PekMi FC បានបង្កើតឡើងក្រោមការចំណាយថវិកា ផ្ទាល់ខ្លួនទាំងស្រុង របស់ លោកពែកមី ៕
មតិយោបល់